សង្គម

សម្តេចតេជោ ប្រកាសថា សាលារៀនទាំងរដ្ឋនិងឯកជន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងត្រូវបិទយ៉ាងតិច រយៈពេល២សប្តាហ៍

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសថា សាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងត្រូវបិទយ៉ាងតិចណាស់ រយៈពេល២សប្តាហ៍ នេះគឺជាវិធានការដើម្បីឆ្លើយតប ជាមួយនឹងកិច្ចការពារ សម្រាប់គ្រូបង្រៀន សិស្សានុសិស្ស និស្សិត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលផងដែរ ទាំងសាលារដ្ឋនិងឯកជនត្រូវធ្វើដូចគ្នា។

សម្តេចបញ្ជាក់ថា ការបិទសាលារៀនេះ គឺធ្វើឡើងតាមរយៈការស្នើឡើង ដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះដែរ សម្ដេចក៏ អំពាវនាវចំពោះបងប្អូន ដែលត្រូវរៀបពិធីមង្គលការទាំងឡាយ គឺប្រសិនបើអាចពន្យារបាន សូមពន្យារពេលសិន ប្រសិនបើមិនអាចពន្យារបានទេ សូមមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុត តាមដែលអាចធ្វើទៅបាន នេះគឺជាវិធានការដើម្បីឆ្លើយតប ជាមួយនឹងការរីករាលដាល ក្នុងទ្រង់ទ្រាយដែលមកដល់ពេលនេះ ទំហំប្រតិបត្តិការរបស់យើងកាន់តែធំទៅៗ សញ្ញាដែលត្រូវគ្រប់គ្រងក៏កាន់តែច្រើន។

សម្ដេចមានប្រសាសន៍ថា ការធ្វើបែបនេះ ដើម្បីរក្សានូវវិធានការសុខាភិបាល នោះគឺរក្សាគម្លាតសុវត្ថិភាព ហើយចៀសវាងនូវការរៀបអាពាហ៍ពិពាហ៍រួច ហើយមានជំងឺការឆ្លងរាលដាល នៅក្នុងក្រុមគ្រួសារ ដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មី។

សម្តេចតេជោ ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ សូមធ្វើកិច្ចសហការ ដោយអ្នក រត់តាក់ស៊ី ម៉ូតូឌុប កង់បី ឬ passapp ដែលបានពាក់ព័ន្ធជាមួយនឹងទីកន្លែង ដែលមានការប៉ះពាល់ សូមមកយកសំណាក់ រួចហើយ រៀបចំការធ្វើចត្តាឡីស័ក។

សម្ដេច ក៏សូមអង្វរក៏ចំពោះប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញរ ប្រសិនបើគ្មានការចាំបាច់ សូមកុំចេញខាងក្រៅ ដើម្បីចៀសវាងនូវការឆ្លងរីករាលដាល ដែលយើងមើលមិនឃើញ ដោយសម្តេចបញ្ជាក់ថា ពេលនេះលំបាកជាងព្រឹត្តិការណ៍៣វិច្ឆិកា និងលំបាកជាងព្រឹត្តិការណ៍២៨វិច្ឆិកាទៅទៀត៕ ប្រភពអត្ថបទ clicknews