ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យកម្ពុជា មានអ្នកច្រើនជាងព្រឹត្តិការណ៍មុនៗ ដោយមានទាំងក្មេង មនុស្សចាស់ និងទារក ត្រូវឡើងឡានពេទ្យទៅព្យាបាលជាបន្តបន្ទាប់ គួរឱ្យអាសូរណាស់ ។
ជាក់ស្ដែង នៅយប់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ មានទារកម្នាក់ ទើបតែនឹងកើតបាន ១ ខែ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យជាមួយម្តាយ ដោយសារម្ដាយរបស់ខ្លួនត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ។
ជុំវិញរឿងនេះ តាមរយៈ ចៅសង្កាត់ច្បារអំពៅទី ២ លោក យ៉ិន វុធ បានឱ្យដឹងថា ស្ត្រីជាម្ដាយរបស់ទារក ដែលត្រូវ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅចុះមកយក
មានឈ្មោះ ឈន ពៅ អាយុ ៣០ ឆ្នាំ មុខរបរគ្រូបង្រៀន នៅសាលាសុវណ្ណភូមិ និងមានទីលំនៅផ្ទះលេខ ១០០ ស្ទួនផ្លូវ ៦៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ដោយសារតែពុំអាចទុកកូនតូចនៅផ្ទះបាន ស្ត្រីខាងលើដែលវិជ្ជមានកូវីដ សម្រេចចិត្តបីទារក ដែលមានអាយុទើបតែ ១ ខែឡើងឡានពេទ្យជាមួយគ្នាតែម្ដង ។
ដោយឡែកមកទល់ពេលនេះ ផ្ទះស្ត្រីខាងលើ នៅមាន សមាជិក ចំនួន ៥ នាក់(ស្រី) ត្រូវ ធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ និងត្រូវយកសំណាកជាបន្តទៀត ៕