កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមការងាររបស់លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា បានប្រទះឃើញទីសក្ការៈបូជា នៅសម័យ ចេនឡា មុនបុរេប្រវត្តិ និង សម័យអង្គរ រូបទាំងបីនេះជា ព្រះសម្មាសម្ពុទ្ធផ្ទំ និង និព្វានមុទ្រ ឬ ព្រះសម្មាសម្ពុទ្ធបរិនិព្វាន នេះបើតាមការផ្សាយរបស់មន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់ ។
ទីកន្លែងនេះ មិនមាននរណាម្នាក់បានទៅដល់ជាច្រើនឆ្នាំមកហើយ តំបន់នេះគឺនៅជួរភ្នំក្រវាញកណ្ដាល លើភ្នំកងវ៉ា ស្ថិតនៅ ភូមិក្បាលដំរី ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំពោះតំបន់ប្រវត្តិសាស្ត្រនេះ ក្រុមការងាររុករក និង មន្ត្រីជំនាញ នឹងចុះទៅធ្វើសិក្សាបន្ថែមនៅចុងសប្តាហ៍នេះ ។
ទោះជាយ៉ាងណា នេះគ្រាន់តែជាការសិក្សាដំបូងប៉ុណ្ណោះ ទាល់តែមន្ត្រីជំនាញ ចុះទៅធ្វើការសិក្សាផ្ទាល់ទើបដឹងពីសម័យកាល និង កាលបរិច្ឆេទពិតប្រាកដនៃវត្ថុបុរាណទាំងនោះ ។