សង្គម

បន្ទាន់! កម្មការិនីម្នាក់នៅរោងចក្រ «ស្តារឡៃថ៍ អឹតែរឹល មេនូហ្វេកឆឺរី» ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG វិជ្ជមានកូវីដ១៩ និងរកឃើញអ្នកពា​ ក់ព័ន្ធជិត៦០នាក់នៅស្រុកពារាំង ខេត្តព្រៃវែង

(ព្រៃវែង)៖ កម្មការិនីម្នាក់ដែលបម្រើការងារនៅរោងចក្រ «ស្តារឡៃថ៍ អឹតែរឹល មេនូហ្វេកឆឺរី» ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ត្រូវបានមន្ត្រីសុខាភិបាល ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ និងត្រូវបានអាជ្ញាធរស្រុកពារាំង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងយកសំណាកអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលប្រមាណជិត ៦០នាក់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង ឱ្យដឹងថា «មានកម្មការិនីម្នាក់ដែលបម្រើការងារនៅរោងចក្រ 7NG ឈ្មោះ ឌឿន ចន្ធា អាយុ២៣ឆ្នាំ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានឆ្លងកូវីដ-១៩ ហើយអ្នកដែលពាក់ព័ន្ធជាមួយកម្មការិនីរូបនេះ តាមព័ត៌មានបឋម គឺមានចំនួនជិត៦០នាក់ ដែលរួមដំណើរក្នុងរថយន្តជាមួយគ្នានឹងក្រុមគ្រួសារ ៩នាក់ទៀត ត្រូវបានអាជ្ញាធរយកទៅធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលស្រុករូបនេះ បានបន្តថា កម្មការិនីដែលឆ្លងកូវីដ-១៩នេះ បានចូលធ្វើការនៅរោងចក្រ 7NG កាលពីថ្ងៃ១ ខែមេសាឆ្នាំ២០២១ ហើយកាលពីថ្ងៃទី៣១ ខែមីនា គាត់បានទៅភ្នំពេញ ដើម្បីទៅពិនិត្យឈាមនៅ រោងចក្រមេត្រីទី២ ដើម្បីចូលធ្វើការនៅរោងចក្រ 7NG ដោយរោងចក្រគេតម្រូវឱ្យពិនិត្យឈាមដើម្បីចូលធ្វើការងារ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមថា «នៅពេលដែលធ្វើតេស្តឈាមរួចហើយកម្មការីនីរូបនេះ បានចូលធ្វើការនៅថ្ងៃទី១ ខែមេសា នៅរោងចក្រទី៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG លុះដល់ថ្ងៃទី១៣ ខែមេសា រោងចក្រក៏បានឈប់សម្រាកចូលឆ្នាំ ហើយកម្មករការនីដែលឆ្លងកូវីដនេះ ក៏បានសម្រាកនៅផ្ទះចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ទើបចូលធ្វើការវិញ ខណៈដល់រោងចក្រគាត់បានជិះរថយន្តជាមួយកម្មករកម្មការិនីអ្នកភូមិ ឃុំ ជាមួយគ្នាជាច្រើននាក់»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានគូសបញ្ជាក់ថា ខណៈមកដល់រោងចក្រដែលកម្មការិនីរូបនេះបម្រើការងារក៏មានអាការៈក្តៅខ្លួនខ្លាំង ខាងរោងចក្រក៏បានបញ្ជូនគាត់ត្រឡប់មកផ្ទះវិញ លុះមកដល់ព្រំប្រទល់ខេត្តកណ្ដាល និងខេត្តព្រៃវែង ក៏មានក្រុមត្រួតពិនិត្យដាក់បារ៉ាស់ ដើម្បីទប់ស្កាត់ការចរាចរមនុស្សពីខេត្តមួយ ទៅខេត្តមួយ ហើយត្រូវបានក្រុមគ្រូពេទ្យវាស់កំដៅ ឃើញកំដៅរបស់គាត់ជាង ៣៨អង្សាសេ ដោយសារកំដៅរបស់កម្មការិនីរូបនេះ មិនចុះក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកទៅចត្តាឡីស័កនៅសាលារៀនមួយក្នុងស្រុកពារាំង ដើម្បីយកសំណាកគាត់ធ្វើតេស្តរកមេរោគកូវីដ-១៩ ក៏រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២១មេសានេះ តែម្ដង និងត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា ចំពោះភូមិដែលគាត់រស់នៅអាជ្ញាធរបានចុះអប់រំណែនាំប្រជាពលរដ្ឋ ឱ្យនៅក្នុងផ្ទះគឺមិនឱ្យចេញក្រៅភូមិទេ។ ចំណែកឯរថយន្តរកស៊ីដឹកទំនិញផ្សេងៗ គឺអនុញ្ញាតឱ្យធម្មតា។ ប៉ុន្តែអាជ្ញាធរស្រុកបានត្រៀមមន្ត្រីសុខាភិបាលកងកម្លាំងដែលពាក់ព័ន្ធទាំងអស់ ដើម្បីរួចរួមគ្នាទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានមន្ត្រីសុខាភិបាលប្រចាំការនៅក្នុងភូមិនេះ តាមដានសុខភាពរបស់ពលរដ្ឋដែលបានធ្វើចត្តាឡីស័ក ហើយបើមានករណីវិជ្ជមានណាមួយនឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលស្រុកពារាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានប៉ះពាល់ជាមួយកម្មការិនីដែលឆ្លងកូវីដ-១៩ នេះត្រូវប្រញាប់រួសរាន់ទៅធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យឱ្យបានត្រឹមត្រូវ និងសូមប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការការពារ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធានការ «៣កុំ និង៣ការពារ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះ៕