ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាព្រឹត្តិការណ៍ ដែលមានអ្នកឆ្លងច្រើនជាងគេ និង មានរយៈពេលអូសបន្លាយវែងជាងគេនៅកម្ពុជា
រហូតឈានទៅដល់ការបិទខ្ទប់រាជធានីភ្នំពេញ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ប្រឈម
មានផលវិបាកក្នុងការស្វែងរកស្បៀងបរិភោគ ទើបត្រូវពឹងផ្អែកទៅលើការផ្ដល់ជាជំនួយស្បៀងអាហារ នៅតាមតំបន់ក្រហមនីមួយៗ ។
ទន្ទឹមនឹងការទទួលស្បៀងនោះទៀតសោត នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ នេះ តាមរយៈគណនីមួយឈ្មោះ Dy Hour
បានបង្ហោះសារ និង រូបភាព ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ នាំគ្នាឈរយ៉ាងកកកុញ ចាំទទួលអំណោយជាស្បៀងអាហារ
ស្ថិតនៅក្នុងភូមិសាស្រ្តស្ទឹងមានជ័យ វេលាម៉ោងប្រមាណជា ២ រសៀល ក្រោមផ្ទៃមេឃងងឹតស្លុប បន្ទាប់ពីភ្លៀងមួយប្រាវ ។ ជុំវិញរូបភាពទាំងនោះ ធ្វើឱ្យមហាជននាំគ្នាព្រួយបារម្ភខ្លាំង ព្រោះថាខ្លាចបងប្អូនដែលបានទៅទទួលអំណោយពុំគោរពតាមវិធានការសុខាភិបាល បណ្ដាលឱ្យមានការឆ្លងរាលដាលបន្ត នៅក្នុងសហគមន៍ជាយថាហេតុ ៕