ក្រុមហ៊ុនផលិតឱសថដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក Merck បាននិយាយថា ពួកគេបានឈានដល់ដំណាក់កាលចុងក្រោយហើយ លើការតេស្តថ្នាំគ្រាប់ប្រឆាំងជំងឺកូវីដ-១៩ ដែលអាចប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ។
ក្រុមហ៊ុន Merck កំពុងធ្វើការផលិតថ្នាំ molnupiravir ដែលជាប្រភេទថ្នាំគ្រាប់ច្នៃឡើងជាមួយនឹងសមត្ថភាពអាចប្រឆាំងនឹងវីរុសកូវីដបាន ។
ក្រុមហ៊ុនដដែលបាននិយាយថា អ្នកជំងឺមិនទទួលការព្យាបាលចំនួន ៣០០ នាក់ បានចូលរួមក្នុងការសាកល្បងដំណាក់កាលទី ២ ។ អាការកូវីដ-១៩ នៃអ្នកជំងឺទាំងនោះ ចាប់ផ្ដើមចេញក្នុងរយៈពេល ៧ ថ្ងៃអំឡុងពេលផ្ដើមការសាកល្បងទី ២ នេះ ។
Merck បាននិយាយទៀតថា ខណៈចំនួនករណីសាកល្បងនៅមានចំនួនតិច ដូចនេះភាគរយនៃអ្នកជំងឺដែលអាចស្លាប់ ឬ ទទួលការព្យាបាលតាមក្រោយ គឺតិចតួចណាស់ លើក្រុមអ្នកទទួលការធ្វើតេស្តលើថ្នាំ molnupivavir នេះ ។
ខាងអ្នកផលិតថ្នាំក៏បានបញ្ជាក់ដែរថា ចំនួនវីរុសក្នុងអ្នកស្ម័គ្រចិត្តចូលរួមតេស្តភាគច្រើនគឺមិនរកឃើញមានឡើងចាប់ពី ១០ ទៅ ១៥ ថ្ងៃនៃការតេស្តថ្នាំ molnupivavir នេះ ។
ចំពោះលទ្ធផលតេស្តលើកទី ៣ ដែលជាការតេស្តសាកល្បងចុងក្រោយលើថ្នាំគ្រាប់នេះ ក្រុមហ៊ុនរំពឹងទុកថានឹងធ្វើឡើងនៅខែកញ្ញា ឬខែតុលាខាងមុខនេះ
ហើយក្រុមហ៊ុនក៏បង្ហាញពីក្ដីសង្ឃឹមរបស់ខ្លួនថា ពួកគេនឹងអាចទទួលបានការអនុញ្ញាតពីខាងរដ្ឋបាលផ្នែកចំណីអាហារ និង ឱសថប្រចាំសហរដ្ឋអាមេរិកលើថ្នាំនេះសម្រាប់ការប្រើប្រាស់បន្ទាន់ មុនដាច់ឆ្នាំ ២០២១ នេះ ៕ ប្រភព៖ NHK World Japan