សង្គម

ទីបំផុតរកឃើញ​ហើយ​បុរស​ជនជាតិ​ជប៉ុន ដែល​ដើរ​ដេក​តាម​សួន សមត្ថកិច្ច​កម្ពុជា រៀបចំ​ឯកសារ​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​វិញ​

នំពេញ ៖ បុរស​ជនជាតិ​ជប៉ុន ដែល​សារព័ត៌​មានបាន​ចុះផ្សាយ​ថា​ដើរ​ស្នាក់​នៅតាម​សួន​សាធារណៈ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ ហើយ​បានរៀបចំ​ឯកសារ​តាម​នីតិវិធី បញ្ជូន​ឲ្យ​ស្ថានទូត​ជប៉ុន​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ។​

​បន្ទាប់ពី​បានឃើញ​ការចុះផ្សាយ​តាម​សារព័ត៌មាន​នានា​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស៊ើប​ស​ង្អេ​ត និង​អនុវត្ត​នីតិវិធី នៃ​ផែន​ការងារ​អន្តោប្រវេសន៍ បានធ្វើ​ការចុះ​ស្រាវជ្រាវ​រក​បុរស​ជនជាតិ​ជប៉ុន និង​បាន​រកឃើញ​បុរស​ជនជាតិ​ជប៉ុន​ឈ្មោះ Gen Kubuta អាយុ​៤១​ឆ្នាំ នៅ​ម៉ោង ១១​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅត្រង់ចំណុច​សួន​មុខ​វត្ត​បទុម ។ បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​នាំ​គាត់​ទៅពិនិត្យ​សុខភាព​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​Covid-19 នៅ​មន្ទីរពិសោធន៍​ជាតិ​សុខភាព​សាធារណៈ​រាជធានី​ភ្នំពេញ ជា​លទ្ធផល​គឺ​អវិជ្ជមាន ។

​ជាក់ស្តែង​បុរស​ជនជាតិ​ជប៉ុន​រូបនេះ បាន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្ន​ពេញ និង​ដោយ​វី​សា​ហួស​សុពលភាព ហើយ​ខ្វះខាត​ថវិកា ទើប​មិនអាច​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​បាន ។

​បន្ទាប់ពី​ធ្វើការ​សាកសួរ និង​ពិនិត្យ​សុខភាព​រួចរាល់ នៅវេលា​ម៉ោង ០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ក៏បាន​បញ្ជូន​ជនជាតិ​ជប៉ុន​រូបនេះ ទៅ​ឲ្យ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ៕ ប្រភពអត្ថបទ CEN