ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅយប់ថ្ងៃទី០៨មេសានេះថា អ្នកធ្វើដំណើរដែលទៅតាមច្រកស្ពានព្រះមុនីវង្សថ្មីដែលមានការកកស្ទះចរាចរណ៍នោះ សមត្ថកិច្ចមិនអនុវត្តបម្រាមគោចរពីម៉ោង៨យប់ដល់ម៉ោង៥ទៀបភ្លឺនោះទេ។
លោកបានបន្តថា ចំណែកនៅគោលដៅផ្សេងៗទៀតសមត្ថកិច្ចនៅតែបន្តអនុវត្តបម្រាមគោលចររបស់សាលារាជធានីភ្នំពេញដដែលទេ។
លោកបានបន្តទៀតថា «វាមិនមែនផ្អាកការអនុវត្តទេ។ប៉ុន្តែបើគោលដៅនៅលើស្ពានព្រះមុនីវង្សដែលមានការកកស្ទះដោយសារការជួសជុលស្ពានព្រះមុនីវង្សចាស់តាមប្រកាសរបស់សាលារាជធានីភ្នំពេញនោះ។ ប្រសិនបើអ្នកធ្វើដំណើរតាមច្រកហ្នឹងយើងនឹងមានការអនុគ្រោះតាមជាក់ស្តែងមិនមែនយើងអនុវត្តមិនយល់សោះនោះទេ»។
ក្នុងនោះ ខណ្ឌដែលអាចអនុគ្រោះមាន២គឺខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ដោយសារតែសមត្ថកិច្ចកំពុងជួយធ្វើសម្រួលចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស។
យ៉ាងណាក៏ដោយលោកបានបន្ថែមថា ប៉ុន្តែសម្រាប់គោលដៅផ្សេងៗទៀតយើងដាក់ជាធម្មតាទេ។
លោកបានបញ្ជាក់ថា សំខាន់ពេលយើងផ្តោតទៅលើការសម្រួលចរាចរណ៍នៅគោលដៅនៅលើស្ពានដែលកំពុងកកស្ទះចរាចរណ៍តាំងពីព្រឹករហូតមកដល់ពេលនេះសមត្ថកិច្ចយើងកំពុងជួយសម្រួលខ្លាំងមែនទែន៕
ប្រភពអត្ថបទ៖ កម្ពុជាថ្មី