អន្តរជាតិ

មិនតិចទេ នៅថៃវិញប្រកាសការរកឃើញអ្នកឆ្លងកូវីដ១៩ច្រើនខ្លាំងរហូតដល់…

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងជំងឺឆ្លង កូវីដ-19 របស់ថៃ ហៅកាត់ CCSA នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ កូវីដ-19 នៅក្នុងប្រទេសថៃ ចំនួន៤០៥នាក់ថែមទៀត ដោយក្នុងនោះមាន១៤ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលមកពីក្រៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

សម្រាប់៣៩១ករណីផ្សេងទៀត គឺជាករណីឆ្លងរាតត្បាតនៅក្នុងប្រទេសថៃផ្ទាល់។ ទន្ទឹមគ្នានេះ អ្នកជំងឺ៣២នាក់បានជាសះស្បើយវិញ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនករណីឆ្លង កូវីដ-19 សរុបនៅទូទាំងប្រទេសថៃ បានកើនដល់ ៣០,៣១០នាក់ ក្នុងនោះករណីឆ្លងក្នុងស្រុក មាន២៧,១៣៣នាក់។ ចំណែកតួលេខអ្នកជាសះស្បើយសរុប មាន២៨,១០១នាក់ និងអ្នកស្លាប់៩៥នាក់។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីវែបសាយ Worldometer ថៃស្ថិតនៅលេខរៀងទី១១៣ នៃប្រទេសដែលមានចំនួនករណីឆ្លងច្រើនជាងគេ ខណៈប្រទេសដែលនៅកំពូលតារាង រួមមានសហរដ្ឋអាមេរិក ដែលមានជាង៣១លានករណី, ប្រេស៉ីល ដែលមានជាង១៣លានករណី, ឥណ្ឌា ដែលមានជិត១៣លានករណី, បារាំង ដែលមាន៤.៨លានករណី និងរុស្ស៉ីដែលមានជាង៤.៦លានករណី៕ ប្រភព ហ្វ្រេសញ៉ូវ