សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជាសំឡេងនាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថា អ្នកជំងឺកូវីដ១៩ ស្រាលៗ ហើយមានផ្ទះសមរម្យ នឹងត្រូវដាក់ឱ្យព្យាបាលនៅផ្ទះរបស់ខ្លួនពួកគេផ្ទាល់ ដោយមានគ្រូពេទ្យចល័តសម្រាប់ព្យាបាល ឬគ្រូពេទ្យមូលដ្ឋាន បើករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែមិនថមថយ។
សម្តេចបញ្ជាក់ថា ការព្យាបាលនៅតាមផ្ទះនេះ គឺប្រទេសជឿនលឿនក៏ធ្វើបែបនេះដែរ ដូចជាអាមេរិក និងប្រទេសអឺរ៉ុបជាដើម។
សម្តេចតជោ បានលើកឡើងយ៉ាងដូច្នេះថា៖
«យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀត ក៏វាមិនគ្រប់ដែរ។
អ៊ីចឹងវិធីដោះស្រាយគឺមានតែទុកអ្នកដែលមានវិជ្ជមានកូវីដ ប៉ុន្តែស្រាល ទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវតែមានការវិនិច្ឆ័យឱ្យបានច្បាស់។
ការវិនិច្ឆ័យនោះ តាមយោបល់ខ្ញុំ ស្ថិតនៅលើចំណុច២។ ចំណុចទីមួយ ទុកនៅតាមផ្ទះ អ្នកនោះមានជំងឺស្រាល ហើយមានផ្ទះសមរម្យ ដែលអាចព្យាបាលបាន ប៉ុន្តែបើអ្នកនោះមានជំងឺធ្ងន់ យើងមិនអាចទុកនៅតាមផ្ទះទេ ត្រូវយកមកកាន់មន្ទីរពេទ្យ។
មួយទៀត បើផ្ទះរបស់គេមានទំហំតូច ដែលអាចឆ្លងរាលដាលដល់ទៅ ក្រុមគ្រួសារ ត្រូវទៅយកគាត់មកកាន់មន្ទីរពេទ្យដែរ។ ខ្ញុំគិតថា យ៉ាងហោចណាស់ យើងមាន ៥០% នៃអ្នកជំងឺដែលមានលទ្ធភាពព្យាបាលនៅតាមផ្ទះ ហើយក៏ចង់ព្យាបាលនៅតាមផ្ទះដែរ»៕