តារាចម្រៀងជើងចាស់លោកគ្រូ ហួរ ឡាវី បានបង្ហាញអារម្មណ៍ក្តុកក្តួលខ្លាំង រហូតស្រក់ទឹកភ្នែកជ្រែកថ្ពាល់ ក្រោយពេលកូនស្រីពៅ វី ឌីណូ(Dinou VY)បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញតែបាត់វត្តមានភរិយា។
តាមរយៈវីដេអូដែលត្រូវបានកូនស្រីច្បងរបស់លោក ហួរ ឡាវី បង្ហោះពីសកម្មភាពដែលប្អូនស្រីពៅបានត្រឡប់មកផ្ទះវិញនោះ
គេឃើញលោកគ្រូ ហួរ ឡាវី ដែលជាឪពុកបាននិយាយទាំងអួលដើមកព្រមជាមួយទឹកភ្នែករលីងរលោង អបអរកូនស្រីពៅផង និងម្យ៉ាងវិញទៀត គឺនឹកអាល័យដល់ភរិយាដែលស្លាប់ដោយសារជំងឺកូវីដ-១៩ផងដែរ។
បើតាមសំណេរដែលបងស្រី វី ឌីណែត និងកូនច្បងលោក ហួរ ឡាវី បង្ហោះនោះបានលើកឡើងថា ម៉ាក់អើយ ថ្ងៃនេះស្រីពៅ Dinou VY បានជាសះស្បើយវិញហើយ ត្រឡប់មកផ្ទះរកម៉ាក់ តែបានត្រឹមឃើញធាតុ និងរូបថតម៉ាក់។
ប៉ាក៏មិនហ៊ានឱបកូន ក្មួយក៏មិនហ៊ានប្រលែងនឹងមីង ដូចមុនព្រោះក្រសួងតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃក្នុងបន្ទប់ដាច់ដោយឡែកទៀត។
សូមជម្រាបថា កូនស្រពៅរបស់លោក ហួរ ឡាវី និងត្រូវជាប្អូនបង្កើត វី ឌីណែត ឈ្មោះ វី ឌីណូ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះកាលថ្ងៃទី២ ខែមីនានេះ។
ប៉ុន្តែក៏ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ខណៈ វី ឌីណែត ក៏កំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃដែរ នៅសណ្ឋាគារសុខា ចំណែកឯ វី ឌីណា ដែលជាបងស្រីក៏កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ដោយមានផ្ទៃពោះជាង៧ខែផងដែរ៕