សង្គម

អរគុណជប៉ុន! រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជិត១លានដុល្លារ សម្រាប់គាំទ្រយុទ្ធនាការចា ក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួនជិត១លានដុល្លារមកកម្ពុជា តាមរយៈអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការចា​ ក់វ៉ាក់សាំងកូវីដ-១៩ និងកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់ សម្រាប់ទុកដាក់វ៉ាក់សាំងកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១ ខែមេសា។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ថវិកាជិត១លានដុល្លារដែលជប៉ុនផ្តល់ឲ្យកម្ពុជានេះ ជាកញ្ចប់មួយ នៃថវិកាជិត៤០លានដុល្លារ ដែលជប៉ុនផ្តល់ឲ្យអង្គការយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់ សម្រាប់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន១២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

តាមរយៈថវិកាជិត១លានដុល្លារនឹងជួយបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់ តាមរយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន ដើម្បីរក្សាទុកវ៉ាក់សាំងកូវីដ-១៩ ក្នុងសីតុណ្ហភាពត្រជាក់ ហើយអាចរក្សាប្រសិទ្ធភាពវ៉ាក់សាំង និងផ្តល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា បាននិយាយថា កិច្ចសហការរវាងអង្គការយូនីសេហ្វ និងរដ្ឋាភិបាលកម្ពុជា លើការអនុវត្តកម្មវិធីផ្តល់ថ្នាំបង្ការនេះ ពិតជានាំឲ្យសម្រេចបាននូវសមិទ្ធផលចា​ ក់វ៉ាក់សាំងកូវីដ-១៩។

ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជារូបនេះ បានលើកឡើងថា រដ្ឋាភិបាលជប៉ុន នឹងប្ដេជ្ញាជួយកែលម្អកម្មវិធីផ្ដល់វ៉ាក់សាំងនៅប្រទេសកំពុងអភិវឌ្ឍ។ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ រៀបរាប់ដូច្នេះថា៖«យើងនឹងបន្តសហការជាមួយយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ពេលដែលយើងអាចនិយាយបានយ៉ាងពិតប្រាកដថា យើងពិតជាបានទប់ស្កាត់បានទាំងស្រុង និងអាចស្តារទ្បើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩»។

លោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា មូលនិធិដែលរាជរដ្ឋាភិបាលជប៉ុនផ្តល់ឲ្យកម្ពុជានេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធនាការច៉ា ក់វ៉ាក់សាំងកូវីដ-១៩ និងដើម្បីបន្តពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។

«យើងសូមសម្ដែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រដល់កម្ពុជាក្នុងពេលដ៏ចាំបាច់នេះ ជាពិសេសក្នុងពេលដែលចំនួនករណីកូវីដ-១៩កំពុងកើនឡើង។ ជំងឺរាតត្បាតជាសកល ពុំស្គាល់ព្រំដែននោះឡើយ ហើយវ៉ាក់សាំងត្រូវតែបានផ្តល់ទៅដល់មនុស្ស ដែលងាយឆ្លងមេរោគនេះជាងគេ និងមុនគេ»។ នេះជាការៀបរាប់របស់លោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ។

ដើម្បីរួមចំណែកដល់ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅលើភពផែនដីទាំងមូល រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយថវិកាចំនួន ២០០លានដុល្លារ ដល់កម្មវិធី COVAX ដែលជាយន្តការអន្តរជាតិដឹកនាំដោយ Gavi CEPI អង្គការសុខភាពពិភពលោក និងយូនីសេហ្វ ដើម្បីធានា និងពន្លឿនការផ្ដល់វ៉ាក់សាំងប្រកបដោយសមធម៌ក្នុងប្រទេសកំពុងអភិវឌ្ឍ។

ជាមួយគ្នានេះ យូនីសេហ្វត្រូវបានជ្រើសរើសឱ្យធ្វើជាស្ថាប័នដឹកនាំកិច្ចលទ្ធកម្ម និងការផ្គត់ផ្គង់សម្រាប់យន្តការCOVAX។ នៅកម្ពុជា យូនីសេហ្វ និងអង្គការសុខភាពពិភពលោក បានបំពេញតួនាទីជាស្ថាប័នដឹកនាំការងារបច្ចេកទេស រយៈពេល៣ទសវត្សរ៍មកហើយ ក្នុងការគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការពង្រឹងកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ជាតិ ដែលផ្ដល់ជាប្រយោជន៍ដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ៕ ប្រភពអត្ថបទ ថ្មីៗ