សង្គម

វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន ចំនួន៧០ម៉ឺនដូសបានប្រគល់ជូនកម្ពុជារួចរាល់ហើយ

(ភ្នំពេញ)៖ ឈរលើស្មារតីនៃចំណងមិត្តភាពដែកថែប និងការជួយគ្នាក្នុងគ្រាលំបាកនោះ នៅរាត្រីថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមចំនួន ៧០ម៉ឺនដូស ដែលជាជំនួយដ៏ស្មោះសរបស់រដ្ឋាភិបាលចិន បានប្រគល់ជូនកម្ពុជារួចរាល់ហើយ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលវ៉ាក់សាំង ខណៈលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន បានប្រគល់វ៉ាក់សាំងនេះជូនរួចរាល់ហើយ។

វ៉ាក់សាំង៧០ម៉ឺនដូស ត្រូវបានបែងចែកជាពីរចំណែក។ ក្នុងនោះ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង ៤០ម៉ឺនដូស ប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។

វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន ៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។ សរុបទាំងពីរលើកនេះកម្ពុជាទទួលបានជំនួយវ៉ាក់សាំងរបស់ចិនចំនួន១លាន៣សែនដូស។

កម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកដែរ គឺកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។ មកដល់ពេលកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅ ២៤៤០នាក់ ខណៈអ្នកជំងឺ១៣នាក់ បានស្លាប់ដោយសារជំងឺនេះ។

ក្រៅតែពីវិធានការសុខាភិបាលក្នុងការទប់ស្កាត់មិនឱ្យឆ្លងទៅនោះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គឺជាវិធីសាស្ត្រ និងជាក្តីរំពឹងមួយសម្រាប់កម្ពុជា ក្នុងការធ្វើឱ្យដំណើរការសង្គម សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរឡើងវិញ។ ដូច្នេះវ៉ាក់សាំង ដែលជាជំនួយរបស់រដ្ឋាភិបាលចិន សម្រាប់កម្ពុជា គឺជាជំនួយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចាក់វ៉ាក់សាំង គឺជាយុទ្ធសាស្ត្រដ៏ចម្បងមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្តេចតេជោ បានហៅការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ពីរដ្ឋាភិបាលចិន គឺកើតចេញពីចំណងមិត្តភាពដ៏ល្អប្រសើររវាងកម្ពុជា និងចិន ដែលបានផ្តើមឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងត្រូវបានពូនជ្រុំដោយសម្តេចតេជោផ្ទាល់នាពេលបច្ចុប្បន្ន។

វ៉ាក់សាំងកូវីដ១៩ ជាទំនិញដែលកំពុងមានតម្រូវការបំផុត។ ក្នុងនោះប្រទេសចិន ក៏កំពុងមានតម្រូវការខ្លាំងផងដែរ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន តែទោះជាយ៉ាងរដ្ឋាភិបាលចិន បានបេះពីមាត់ពង្រាត់ពីក ដើម្បីផ្តល់វ៉ាក់សាំងជូនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងថា បើគ្មានទំនាក់ទំនងល្អ កម្ពុជានឹងមិនទទួលបានវ៉ាក់សាំងកូវីដ១៩ ពីរដ្ឋាភិបាលចិនក្នុងគ្រាដ៏លំបាកនេះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ត្រូវបានគេមើលឃើញថា បង្កើនកិច្ចសហប្រតិបត្តិការនឹងគ្នាជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាប់តាំងពីការផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ លោក វ៉ាង វិនធាន តំណាងឱ្យរដ្ឋាភិបាលចិន ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងឧបត្ថម្ភគាំទ្ររហូតដល់កម្ពុជាយកឈ្នះលើជំងឺកូវីដ១៩។

ជាមួយនឹងការទទួលបានជំនួយវ៉ាក់សាំង ៧០ម៉ឺនដូស បូកនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលបានទិញ ១.៥លានដូសក្នុងតម្លៃដ៏ពិសេសពីក្រុមហ៊ុនចិននោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់ចេញផែនការពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ បានប្រកាសប្រើពេលមួយខែ ចាក់វ៉ាក់សាំងឱ្យបាន១លានដូស។

តាមរយៈផែនការចាក់វ៉ាក់សាំង និងការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ គេរំពឹងថា កម្ពុជា អាចនឹងយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឱ្យដំណើរការសង្គម សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋអាចវិលទៅរកភាពល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងចំនួន ៣ប្រភេទ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីក្រុមហ៊ុនចិន និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភលោក៕ ប្រភពអត្ថបទ Fresh News