សង្គម

ត្រេកអរណាស់! ថ្ងៃស្អែកវ៉ាក់សាំងកូវីដ១៩ ជំនួយរបស់រដ្ឋាភិបាលចិន ៧០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជា

(ភ្នំពេញ)៖ ឈរលើស្មារតីនៃចំណងមិត្តភាពដែកថែប និងការជួយគ្នាក្នុងគ្រាលំបាកនោះ នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមចំនួន ៧០ម៉ឺនដូស ដែលជាជំនួយដ៏ស្មោះសរបស់រដ្ឋាភិបាលចិន នឹងដឹកមកដល់ប្រទេសកម្ពុជា។

តាមការគ្រោងទុកវ៉ាក់សាំងដ៏មានសារៈសម្រាប់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាក្នុងការប្រយុ ទ្ធប្រ ឆាំ ងនឹងជំងឺកូវីដ១៩នេះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅពេលព្រលប់។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលវ៉ាក់សាំង ខណៈលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងតំណាងឱ្យរដ្ឋាភិបាលចិន ប្រគល់វ៉ាក់សាំងនេះ។

យោងតាមប្រភពព័ត៌មានវ៉ាក់សាំង ៧០ម៉ឺនដូស ដែលទទួលនៅថ្ងៃស្អែកនេះ មានពីរចំណែក។ ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង ៤០ម៉ឺនដូស ប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។

វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន ៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។

កម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកដែរ គឺកំពុងរងគ្រេាះធ្ង ន់ធ្ងរដោយសារជំងឺកូវីដ១៩។ មកដល់ពេលកម្ពុជា កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅ ២,៣៧៧នាក់ ខណៈអ្នកជំងឺ ១១នាក់ បានស្លា ប់ដោយសារជំងឺនេះ។

ក្រៅតែពីវិធានការសុខាភិបាលក្នុងការទ ប់ស្កា ត់មិនឱ្យឆ្លងទៅនោះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គឺជាវិធីសាស្ត្រ និងជាក្តីរំពឹងមួយសម្រាប់កម្ពុជា ក្នុងការធ្វើឱ្យដំណើរការសង្គម សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរឡើងវិញ។ ដូច្នេះវ៉ាក់សាំង ដែលជាជំនួយរបស់រដ្ឋាភិបាលចិន សម្រាប់កម្ពុជា គឺជាជំនួយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចា ក់វ៉ាក់សាំង គឺជាយុទ្ធសាស្ត្រដ៏ចម្បងមួយសម្រាប់កម្ពុជា ក្នុងការប្រ យុ ទ្ធប្រ ឆាំ ងជំងឺកូវីដ១៩។ សម្តេចតេជោ បានហៅការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ពីរដ្ឋាភិបាលចិន គឺកើតចេញពីចំណងមិត្តភាពដ៏ល្អប្រសើររវាងកម្ពុជា និងចិន ដែលបានផ្តើមឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងត្រូវបានពូនជ្រុំដោយសម្តេចផ្ទាល់នាពេលបច្ចុប្បន្ន។

វ៉ាក់សាំងកូវីដ១៩ ជាទំនិញដែលកំពុងមានតម្រូវការបំផុត។ ក្នុងនោះប្រទេសចិន ក៏កំពុងមានតម្រូវការខ្លាំងផងដែរ ដើម្បីចា ក់ជូនប្រជាពលរដ្ឋរបស់ខ្លួន តែទោះជាយ៉ាងរដ្ឋាភិបាលចិន បានបេះពីមាត់ពង្រាត់ពីក ដើម្បីផ្តល់វ៉ាក់សាំងជូនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងថា បើគ្មានទំនាក់ទំនងល្អ កម្ពុជានឹងមិនទទួលបានវ៉ាក់សាំងកូវីដ១៩ ពីរដ្ឋាភិបាលចិនក្នុងគ្រាដ៏លំបាកនេះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល ត្រូវបានគេមើលឃើញថា បង្កើនកិច្ចសហប្រតិបត្តិការនឹងគ្នាជាច្រើន ដើម្បីប្រ យុ ទ្ធប្រ ឆាំ ងនឹងជំងឺកូវីដ១៩ ចាប់តាំងពីការផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ លោក វ៉ាង វិនធាន តំណាងឱ្យរដ្ឋាភិបាលចិន ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងឧបត្ថម្ភគាំទ្ររហូតដល់កម្ពុជាយកឈ្នះលើជំងឺកូវីដ១៩។

ជាមួយនឹងការទទួលបានជំនួយវ៉ាក់សាំង ៧០ម៉ឺនដូស បូកនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលបានទិញ ១.៥លានដូសក្នុងតម្លៃដ៏ពិសេសពីក្រុមហ៊ុនចិននោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់ចេញផែនការពន្លឿនការចា ក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ បានប្រកាសប្រើពេលមួយខែ ចា ក់វ៉ាក់សាំងឱ្យបាន១លានដូស។

តាមរយៈផែនការចា ក់វ៉ាក់សាំង និងការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ គេរំពឹងថា កម្ពុជា អាចនឹងយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឱ្យដំណើរការសង្គម សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋអាចវិលទៅរកភាពល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងចំនួន ៣ប្រភេទ សម្រាប់ចា ក់ជូនប្រជាពលរដ្ឋ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីក្រុមហ៊ុនចិន និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភលោក៕