សង្គម

ប្រយ័ត្នផង!ស្វាយរៀង​ផ្ទុះ​ករណី​កូវីដ​ធ្ងន់ធ្ងរ មាន​អ្នក​ឆ្លង ១៩ នាក់​ រយៈ​ពេល ២៤ ម៉ោង​នេះ

ខេត្ត​ស្វាយរៀង​បាន​ផ្ទុះ​ករណី​ឆ្លង​កូវីដ ១៩ ក្នុង​ទ្រង់ទ្រាយ​ធំ​រយៈ​ពេល ២៤ ម៉ោង​នេះ។ ខេត្ត​ជាប់​ព្រំដែន​វៀតណាម បាន​រកឃើញ​មនុស្ស ១៩ នាក់ បាន​ឆ្លង​កូវីដ ១៩ ក្នុង​នោះ​មាន​ជនជាតិ​ចិន ០៧ នាក់ និង​ខ្មែរ ១២ នាក់។

ក្រុង​បាវិត​ជា​តំបន់​ប្រជុំជន​ដ៏ធំ ​មាន​បណ្តុំរោងចក្រ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន​ រក​ឃើញ​មនុស្ស ៤ នាក់​មាន​វិជ្ជមាន​កូវីដ១៩។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រុមការងារកំពុងបន្តស្រាវជ្រាវអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាបន្តបន្ទាប់ ដើម្បីយកសំណាកទៅធ្វើតេស្តរកកូវីដ១៩ឲ្យបានទាន់ពេលវេលា។ បើ​តាម​ប្រធាន​មន្ទីរសុខាភិបាល អ្នក​ប៉ះពាល់​អ្នក​ឆ្លងកូវីដ ១៩ ក៏​មាន​ព្រះសង្ឃ​ផង​ដែរ។

លោកប្រធានមន្ទីរសុខាភិបាលឲ្យដឹងទៀតថា អាជ្ញាធរខេត្តស្វាយរៀងបានសម្រេចផ្អាកទីតាំងមួយចំនួនដូចជាវត្តអារាម ការដ្ឋានសំណង់ អាហារដ្ឋានចំនួន៧ទីតាំងនិងផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈផងដែរ៕

ប្រភពអត្ថបទ៖ kampucheathmeydaily