សង្គម

ជួយចែករំលែកផង! មន្ទីរពេទ្យកុមារអង្គរ កំពុងខ្វះឈាម, ដង្ហោយរកអ្នកបរិច្ចាគ

(សៀមរាប)៖ មន្ទីរពទ្យកុមារអង្គរ ដែលព្យាបាលកុមារក្រីក្រកម្ពុជាដោយឥតគិតថ្លៃនៅខេត្តសៀមរាប បានអំពាវនាវជាថ្មី សុំឱ្យសាធារណជនចូលរួមបរិច្ចាគឈាម ខណៈមន្ទីរពេទ្យកំពុងខ្វះខាតឈាមសម្រាប់ព្យាបាលកុមារ។

ក្នុងសេចក្ដីអំពាវនាវរបស់មន្ទីរពេទ្យកុមារអង្គរ បានសរសេរថា «ដោយសារមួយរយៈចុងក្រោយនេះ មន្ទីរពេទ្យអង្គរមានការប្រើប្រាស់ឈាមច្រើនទៅលើកុមារដែលមានជំងឺកង្វះគ្រាប់ឈាម និងជំងឺវះកាត់មួយចំនួនដោយអ្នកជំងឺភាគច្រើនពុំមានលទ្ធភាពក្នុងការផ្តល់ឈាមជំនួសវិញ ដូចនេះធ្វើឱ្យមន្ទីរពេទ្យមានការខ្វះឈាមសម្រាប់ជួយសង្រ្គោះអាយុជីវិតកុមារ និងសម្រាប់បម្រុងនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ»។

សម្រាប់អ្នកដែលចង់បរិច្ចាគឈាម សូមទំនាក់ទំនងទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដែលអាចបរិច្ចាគឈាមរៀងរាល់ថ្ងៃចន្ទដល់សុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល និងថ្ងៃសៅរ៍ ម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។ មន្ទីរពេទ្យអង្គរបញ្ជាក់ថា សម្រាប់អ្នកដែលបានចាប់វ៉ាក់សាំងកូវីដ១៩ ត្រូវរង់ចាំយ៉ាងតិច ២៨ថ្ងៃ ទើបអាចផ្តល់ឈាមបាន៕ ប្រភពអត្ថបទ fresh news