កម្សាន្ត

ត្រេកអរជំនួស!ថៃ អនុញ្ញាតឲ្យបវរកញ្ញាមីយ៉ាន់ម៉ា បន្តស្នាក់នៅក្នុងប្រទេស ដើម្បីសុវត្ថិភាព

បវរកញ្ញាឯកមីយ៉ាន់ម៉ាឆ្នាំ២០២០ នាង Thaw Nandar Aung ឬ Han Lay បានបញ្ជាក់ថា នាងប្រហែលជាត្រូវចំណាយពេលស្នាក់នៅប្រទេសថៃបន្ថែមទៀតដើម្បីសុវត្ថិភាព មុននឹងវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយសារតែនាងហ៊ាននិយាយពាក់ព័ន្ធនឹងស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា លើឆាកកម្មវិធីប្រកួតបវរកញ្ញា Miss Grand International ឆ្នាំ២០២០ ក្នុងទីក្រុងបាងកក កាលពីសប្តាហ៍មុន។

យោងតាមទំព័រហ្វេសប៊ុក Miss Grand Pageant Insider បានបង្ហោះថា នាងនៅតែបន្តស្នាក់នៅក្នុងប្រទេសថៃជាមួយអង្គការ Miss Grand International (MGIO)។ រក្សាស្មារតីនិងបន្តការប្រយុទ្ធ។

នាងត្រូវបានគេដកស្រង់សម្តីថា “នៅពេលដែលខ្ញុំកំពុងឈរនៅលើឆាកនេះ មានមនុស្សជាង១០០នាក់បានស្លាប់។ ខ្ញុំសោកសៅណាស់ ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនទាំងនេះ។

ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញតវ៉ាតាមដងផ្លូវដើម្បីប្រយុទ្ធទាមទារលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំក៏ចង់ឃើញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដែរ។ សូមជួយមីយ៉ាន់ម៉ាផង។ យើងត្រូវការជំនួយអន្តរជាតិរបស់អ្នក យ៉ាងបន្ទាន់បំផុតនាពេលនេះ” ។

នៅលើឆាក នាងក៏បានច្រៀងចម្រៀងបទ “Heal the World” ទាំងទឹកភ្នែកផងដែរ ហើយធ្វើឲ្យទស្សនិកជនទះដៃអបអរសាទរយ៉ាងកងរំពង។

គួរបញ្ជាក់ថា ក្នុងអាយុ២២ឆ្នាំ កញ្ញា Han Lay ​បច្ចុប្បន្នជានិស្សិតផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យយ៉ាំងហ្គោន។ នាងក៏ជាអ្នកលេងបាល់បោះឲ្យក្រុមសកលវិទ្យាល័យនិងជាតារាម៉ូដែលអាជីពផងដែរ។ នាងចេះនិយាយភាសាអង់គ្លេស និងចិនយ៉ាងស្ទាត់ជំនាញ៕