សង្គម

រដ្ឋបាលខេត្ត អំពាវនាវអ្នកសង្ស័យត្រូវធ្វើចត្ដាឡីស័ក ខណៈរកឃើញអ្នកពាក់ព័ន្ធស្ដ្រីកើតជំងឺកូវីដ នៅស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន៦១នាក់

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខេមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញអ្នកពាក់ព័ន្ធជាមួយស្ដ្រីម្នាក់កើតជំងឺកូវីដ១៩ ឈ្មោះ ចិន ហម អាយុ៥៣ឆ្នាំ នៅស្រុករមាសហែក រហូតដល់៦១នាក់ ទាំងប៉ះពាល់ផ្ទាល់ និងប្រយោល។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា មនុស្សទាំង៦១នាក់នោះ មានអ្នកប៉ះពាល់ផ្ទាល់២១នាក់ ហើយបានយកសំណាកទៅពិនិត្យ និងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ។ ដោយឡែក អ្នកប៉ះពាល់ប្រយោល៤០នាក់ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយតាមដានសុខភាពរង់ចាំការធ្វើតេស្ដលើកទី១ របស់អ្នកប៉ះពាល់ផ្ទាល់ខាងលើ។

រដ្ឋបាលខេត្ដស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ឬដឹងខ្លួនថា បានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយស្ដ្រី ឈ្មោះ ចិន ហម គិតចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ដ។

គួរជម្រាបថា ស្ដ្រីឈ្មោះ ចិន ហម បានប៉ះពាល់ផ្ទាល់ជាមួយស្ដ្រីម្នាក់ឈ្មោះ ទៀង អូន អាយុ២៧ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ១៩ ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីឡើងសូត្រមន្ដឡើងគេហដ្ឋាន ស្ថិតនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ហើយស្ដ្រី ចិន ហម ត្រូវបានរកឃើញវិជ្ជមាន នៅថ្ងៃទី២៨ ខែមីនាម្សិលមិញ៕

ប្រភពអត្ថបទ fresh news