សង្គម

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក គី សួគ៌ ម្ចាស់បន្ទប់ជួល២៧១បន្ទប់ ដែលប្រកាសបញ្ចុះតម្លៃ៥០ភាគរយដល់កម្មករ និងអ្នកជួលបន្ទប់របស់ខ្លួន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណចំពោះលោក គី សួគ៌ ម្ចាស់បន្ទប់ជួលចំនួន ២៧១បន្ទប់ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលប្រកាសបញ្ចុះតម្លៃ ៥០ភាគរយ ដើម្បីសម្រាលការលំបាករបស់កម្មករ-កម្មការនី និងអ្នកជួលបន្ទប់ទាំងអស់របស់ខ្លួន គ្រាដែលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩។

តាមរយៈលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោក ព្រមទាំងភរិយា ដែលមានសមានចិត្តជួយសម្រាលបន្ទុកកម្មករ កម្មការនី តាមរយៈការបញ្ចុះតម្លៃ ៥០ ភាគរយ ដល់កម្មករ កម្មការនី និងអ្នកជួលបន្ទប់របស់ខ្លួន សម្រាប់អំឡុងពេលប្រទេសយើងកំពុងប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩»។

ការសម្រេចបញ្ចុះតម្លៃបែបនេះ គឺធ្វើឡើងតាមការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសកម្មករ-កម្មការនី ដែលជួបប្រទះនូវបញ្ហាដោយសារការរីករាលដាលជំងឺកូវីដ១៩។

គួរជម្រាបថា រហូតមកដល់ពេលនេះ គេសង្កេតឃើញថា ម្ចាស់បន្ទប់ជួលមួយចំនួនទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ បានប្រកាសពីការបញ្ចុះតម្លៃ និងមិនយកថ្លៃឈ្នួលបន្ទប់ខ្លួនជាបន្ដបន្ទាប់ រហូតព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។ ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលខាងលើនេះ គឺពិតជាគំរូដ៏ល្អសម្រាប់ជួយសម្រាលបន្ទុកកម្មករ-កម្មការនី ហើយទង្វើដ៏ប្រពៃបែបនេះក៏ទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ។

ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងនោះរួមមាន៖

* ទី១៖ លោក ហេង វាសនា ម្ចាស់បន្ទប់ជួលចំនួន ៤៦បន្ទប់ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់

* ទី២៖ លោក ឈឿន ប៊ុនឆន ម្ចាស់បន្ទប់ជួលចំនួន ៦៩បន្ទប់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល

* ទី៣៖ លោក លឹម ជា ម្ចាស់បន្ទប់ជួល ២៧០បន្ទប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

* ទី៤៖ លោក មីន រស្មី ម្ចាស់បន្ទប់ជួល ៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

* ទី៥៖ លោក គី សួគ៌ ម្ចាស់បន្ទប់ជួលចំនួន ២៧១បន្ទប់ ដែលមានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

* ទី៦៖ លោកឧកញ៉ា ស្រី ចាន់ថន ដែលមានផ្ទះជួល/តូបជួលចំនួន ៥០០ល្វែង/តូប នៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕ ប្រភព៖ fresh news