នៅល្ងាចថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២១មុននេះ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Long Sopheap បានប្រកាសថា ខ្លួនលោកនឹងជួយរៀបចំឯងការកា ត់ ផ្ទេរកម្មសិទ្ធិ (កា ត់ឈ្មោះ) ដោយមិនគិតប្រាក់ ជូនប្រជាពលរដ្ឋ ដែលមានដី នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមកពឹងពាក់លោក តែបើក្នុងករណីលោក ធ្វើពុំបាន លោកនឹងដោះខោអាវមន្ត្រីចេញ សុខចិត្តទៅធ្វើជាប្រជាពលរដ្ឋធម្មតា ធ្វើស្រែចំការ អង្គុយលក់ខោអាវជាមួយភរិយានៅឯផ្សារ។
តាមរយៈសំណេរដែលបង្ហោះលើគណនីហ្វេសប៊ុក លោកបានបញ្ជាក់យ៉ាងច្បាស់ដូចខាងក្រោមថា៖ «បើខ្ញុំធ្វើមិនបាន ខ្ញុំសូមដោះអាវមន្ត្រីចេញ សុខចិត្តទៅធ្វើជាប្រជាពលរដ្ឋធម្មតា ធ្វើស្រែចំការ អង្គុយលក់ខោអាវជាមួយភរិយានៅឯផ្សារ។ លោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ ដែលមានដីនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបំណងកា ត់ឈ្មោះផ្ទេរកម្មសិទ្ធិដី តែមិនដឹងទៅរកអ្នកណា ដែលជួយរៀបចំឯកសារកា ត់ប្លង់ដីដោយមិនអស់លុយ សូមមកជួបខ្ញុំផ្ទាល់ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រដើម្បីរៀបចំឯកសារផ្ទេរកម្មសិទ្ធិ (កា ត់ឈ្មោះ)គឺមិនអស់លុយទេ។
ដោយភ្ជាប់មកជាមួយនូវ៖ ប្លង់ដីច្បាប់ដើម, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ.សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅសាម៉ីខ្លួន(អ្នកលក់ អ្នកទិញ ឬអ្នកធ្វើអំណោយ អ្នកទទួលអំណោយ ) រួមនិងសាក្សី២នាក់ មកជាមួយផងដែរ។
ក្នុងនាមខ្ញុំជាមន្ត្រីបម្រើរាស្ត្រ ខ្ញុំនឹងជួយបំពេញឯកសារជូនដោយមិនយកកម្រៃនោះទេ ហើយក៏គ្មានការកំណត់ណាមួយ ឱ្យខ្ញុំទាមទាប្រាក់ កម្រៃពី លោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ ក្នុងការជួយរៀបចំឯកសារផ្ទេរកម្មសិទ្ធិជូនឡើយ។
ក្រោយពីខ្ញុំរៀបចំជូនរួចតាមនីតិវិធី សូមលោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ ត្រូវយកឯកសារនោះ ទៅបង់ប្រាក់ថ្លៃសេវាតែម្តងគត់ តាមប្រភេទសេវាដែលលោកអ្នកបានស្នើសុំ នៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ តាមតារាងតម្លៃសេវា ដែលមានបិទនៅទីនោះ។
ខាងក្រោមគឺជាលេខទូរស័ព្ទរបស់ខ្ញុំ ក្រែងលោលោកតាលោកយាយ ពុកម៉ែ មាមីង បងប្អូន មករកខ្ញុំមិនឃើញ អាចទូរស័ព្ទមក លេខ 088 99 98 333 ។ តែសូមកុំឆាតសួរ ខ្ញុំមើលមិនអស់ទេ ឆាតច្រើនពេក បើមានចម្ងល់ សូមខលមកងាយស្រួលជាង។ បញ្ជាក់៖ ក្នុងករណីដែលលោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋទាំងអស់ មកជួបខ្ញុំហើយ បែរជាខ្ញុំ មិនបានជួយរៀបចំឯកសារជូន ដោយគ្មានហេតុផលច្បាស់ លាស់ សូមដាក់ពាក្យបណ្តឹង ទៅកាន់ការិយាល័យប្រជាពលរដ្ឋ ដែលមាននៅក្នុងសាលាស្រុកសំរោងទងស្រាប់»។
បន្ទាប់ពីបានឃើញ ទឹកចិត្តល្អ និងគោលជំហរយ៉ាងមុតមាំ របស់មន្ត្រីខាងលើ ក្នុងការជួយបម្រើរាស្ត្រ ដោយមិនគិតកម្រៃសេវាបែបនេះ ធ្វើឲ្យមហាជនជាច្រើន ជាពិសេសពលរដ្ឋរស់នៅក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ សម្ដែងក្តីរីករាយជាខ្លាំង នៅពេលបានឃើញមន្ត្រីបម្រើរាស្ត្រ ដោយចេញពីចិត្តពិតៗ មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ៕