សង្គម

លោក មីន រស្មី ម្ចាស់បន្ទប់ជួល៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះលោក មីន រស្មី ម្ចាស់បន្ទប់ជួល៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងជាម្ចាស់បន្ទប់ទី៤ហើយ ដែលបានប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី រហូតដល់ពួកគាត់មានការងារធ្វើឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោក មីន រស្មី បានរៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា «ដើម្បីសម្រួលដល់ការលំបាករបស់បុគ្គលិកដែលបានផ្អាកការងារក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ខ្ញុំបាទនិងគ្រួសារ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដោយសូមមិនគិតថ្លៃចំពោះបន្ទប់ជួលប្រចាំខែ ដែលយើងខ្ញុំមានចំនួន៥៣បន្ទប់ និងឧបត្ថម្តបន្ថែមក្នុងមួយបន្ទប់នូវ ភ្លើង 10kwh និង ទឹក 2m3 សំរាប់ប្រើប្រាស់ដោយឥតគិតថ្លៃជាប្រចាំខែ រហូតដល់បងប្អូនបុគ្គលិកមានការងារជាធម្មតាវិញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាមួយនោះដែរលោក មីន រស្មី បានថ្លែងបណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទថា អ្វីដែលរូបលោកធ្វើនៅពេលនេះដើម្បីចូលរួមដោះស្រាយសម្រាលកម្មករ និងតែងតែធ្វើតាមដំបូន្មានដ៏ល្អរបស់ឪពុករបស់លោកគឺ លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ»។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណតាមរយៈ Comment យ៉ាងដូច្នេះថា «ជំនួសមុខឱយកម្មករ កម្មការិនី ខ្ញុំសូមអរគុណ ចំពោះលោក និងលោកស្រី និងក្រុមគ្រួសារដែលបានផ្តល់ជំនួយដ៏សប្បុរសចំពោះកម្មករ កម្មការនីរបស់យើងដែលកំពុងប្រឈមជាមួយការលំបាកដោយសារកូវីដ១៩»។

សូមជំរាបថា កម្ពុជាកំពុងទទួលរងនូវការរីករាលដាល ជំងឺកូវីដ១៩យ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេស ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលខាងលើនេះ ពិតជាគំរូដ៏ល្អសម្រាប់ជួយសំរាល បន្ទុកកម្មករ-កម្មការិនី ហើយទង្វើប្រពៃបែបនេះទទួលបានការគាំទ្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ។

រហូតដល់ពេលនេះមានម្ចាស់បន្ទប់ជួល ចំនួន៤នាក់ហើយ ដែលប្រកាសយកមិនថ្លៃឈ្នួលពីកម្មករ, ទី១៖ លោក ហេង វាសនា ម្ចាស់បន្ទប់ជួលចំនួន៤៦បន្ទប់ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់, ទី២៖ លោក ឈឿន ប៊ុនឆន ម្ចាស់បន្ទប់ជួល៦៩បន្ទប់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, ទី៣៖ លោក លឹម ជា ម្ចាស់បន្ទប់ជួល២៧០បន្ទប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទី៤៖ លោក មីន រស្មី ម្ចាស់បន្ទប់ជួល៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕ ប្រភពអត្ថបទ Fresh News