សង្គម

អាជ្ញាធររាជធានីភ្នំពេញ ស្នើសុំម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់ អនុគ្រោះមិនយកថ្លៃឈ្នួល ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃ អំឡុងពេលលំបាកនេះ

អាជ្ញាធរក្រុងភ្នំពេញបានអំពាវនាវដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់នៅក្នុងភូមិសាស្ត្រក្នុងក្រុងភ្នំពេញ ឱ្យមានការបញ្ចុះតម្លៃ ឬលើកលែងថ្លៃឈ្នួលមួយរយៈសិនអំឡុងមានវិបត្តកូវីដ១៩កំពុងផ្ទុះរីករាលដាល ដែលធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុអ្នកជួល។

អាជ្ញាធរក្រុងភ្នំពេញបានបញ្ជាក់ថា ការផ្ទុះរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២០ កុម្ភៈ រហូតដល់បច្ចុប្បន្ននេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនទទួលរងផលប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ។

ក្នុងន័យនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការគិតគូរ និងជួយទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ ឱ្យពិនិត្យលទ្ធភាពតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភនេះរហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩មានសភាពធូរស្រាលឡើងវិញ។

បន្ថែមពីលើនេះ សូមយោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាកអ្នកជួលទាំងឡាយដោយគួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញពួកគាត់ចេញឡើយ។

ចុងក្រោយអាជ្ញាធរ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមទុកជាមុនថា ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះ។ ប្រភពអត្ថបទ samboknews