សង្គម

អ្នកគ្រូពេទ្យម្នាក់ ផ្តាំថាកុំគិតជាការសម្តែង ពេលនេះអ្នកជំងឺកូវីដ-១៩ ច្រើនកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ

ស្របពេលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ និង គ្រូពេទ្យកងទ័ពអាវស កំពុងតែសស្រាក់សស្រាំក្នុងការចូលរួមទប់ស្កាត់ការរាលដាល និង ព្យាបាលដល់អ្នកជំងឺកូវីដ-១៩ មិនគិតថ្ងៃយប់នោះ តាមបណ្តាបណ្តាញសង្គមក៏នៅតែបន្តឃើញមានការលើកឡើងថា នេះគ្រាន់តែជាការសម្តែង ។

ដូចជាកាលពីពេលកន្លង តារាចម្រៀង ណុប បាយ៉ារិទ្ធ ធ្លាប់បានបង្ហាញពីអាការនៃជំងឺកូវីដ-១៩ របស់លោក ដែលកំពុងតែសម្រាកព្យាបាល តែបែរជានៅមានអ្នកបន្តបញ្ចេញមតិថា លោកសម្តែងតែប៉ុណ្ណោះ ។

យ៉ាងណាមិញ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ នេះ បើតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុកឈ្មោះ Socheat Thorn ដែលត្រូវបានដឹងថាជាគ្រូពេទ្យកំពុងចូលរួមមើលថែ និង ព្យាបាលអ្នកជំងឹកូវីដ-១៩ នៅក្នុងសណ្ឋាគារ The Great Duke បានផ្តាំផ្ញើដល់មហាជនថា កុំគិតថានេះជារឿងសម្តែងឲ្យសោះ ។

អ្នកគ្រូពេទ្យរូបនោះ បានរៀបរាប់ថា «មានអ្នកជំងឺច្រើនណាស់ ដែលស្ថិតក្នុងសភាពធ្ងន់ សូមកុំគិតថានេះជាការសម្តែងឱ្យសោះ! សូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ កុំ ៣ ការពារ» ៕