អន្តរជាតិ

ខណៈព្យុះ Noru ជិតមកដល់ វៀតណាម ព្រមានថា សល់ពេលមិនច្រើនទេ ត្រូវជម្លៀសមនុស្សជាបន្ទាន់

នៅថ្ងៃអង្គារទី ២៧ខែកញ្ញានេះ ប្រទេសវៀតណាម បានជំរុញឲ្យជម្លៀសមនុស្សបន្ថែមទៀត ខណៈព្យុះទីហ្វុង Noru ដ៏ខ្លាំងក្លា កំពុងតម្រង់ទៅវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីបណ្តាលឲ្យមនុស្សចំនួន ៨នាក់ស្លាប់ និងបង្កជាគ្រោះទឹកជំនន់ធំធេងនៅក្នុងប្រទេសហ្វីលីពីន។

ទីភ្នាក់ងារឧតុនិយមវៀតណាម និយាយថា ល្បឿនខ្យល់ នឹងឈានដល់ ១៨៣គីឡូម៉ែត្រក្នុងមួយម៉ោងនៅល្ងាចថ្ងៃអង្គារនេះ។ ព្យុះ Noru នឹងវាយប្រហារប្រទេសវៀតណាម មុនពេលចុះខ្សោយ រួចបន្តឆ្ពោះទៅប្រទេសថៃ។

ព្យុះទីហ្វុងនេះ បានបង្ខំឲ្យអាកាសយានដ្ឋានក្នុងប្រទេសវៀតណាមត្រូវបិទ ដែលបណ្តាលឲ្យមានការរំខានដល់ការធ្វើដំណើរ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ។


ក្នុងនោះដែរ ខេត្ត Quang Nam បាន​ជម្លៀស​មនុស្ស​ជាង ១៣៣ ០០០​នាក់​។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាននិយាយនៅក្នុងកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយនៅថ្ងៃអង្គារថា “យើងមិនមានពេលច្រើនទេ។ ព្យុះនេះកាន់តែខ្លាំង ដូច្នេះការឆ្លើយតបរបស់យើងត្រូវតែខ្លាំងជាង និងលឿនជាង”។

អាជ្ញាធរអាកាសចរណ៍វៀតណាម បានបិទអាកាសយានដ្ឋានចំនួនប្រាំបួននៅទូទាំងប្រទេសចាប់តាំងពីថ្ងៃអង្គារទៅ ដោយបង្ខំឲ្យជើងហោះហើរក្នុងស្រុក និងអន្តរជាតិរាប់រយជើង ត្រូវលុបចោល។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកយោធាប្រហែល ២៧០ ០០០នាក់ ត្រូវបានដាក់ពង្រាយ ត្រៀមធ្វើប្រតិបត្តិការជួយសង្គ្រោះ៕