សង្គម

ផ្អាកចរាចរណ៍រថយន្តធុនធ្ងន់លើកំណាត់ផ្លូវ៣ខ្សែក្នុងខេត្តកំពង់ធំដោយសារទឹកជន់លិច

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្រេចផ្អាកចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់នៅកំណាត់ផ្លូវផ្សេងគ្នាចំនួន៣ខ្សែ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងនៅតែបន្តជន់ឡើង មិនទាន់ថមថយនៅឡើយ។

កំណាត់ផ្លូវទាំងនោះរួមមាន៖

* ផ្លូវជាតិលេខ៦ ចាប់ពីគីឡូម៉ែត្រលេខ២២០ដល់២២៤ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង និងនៅទីប្រជុំជនភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង។

* ផ្លូវខេត្តលេខ២៦៤D ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង។

* ផ្លូវខេត្តលេខ២៦៤G ស្ថិតនៅក្នុងភូមិតាទ្រាល ឃុំប្រឡាយ ស្រុកស្ទោង។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការខេត្តកំពង់ធំ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តឡើង ធ្វើឱ្យផ្លូវថ្នល់ស្ពានមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាន ទើបមន្ទីរសាធារណការខេត្តសម្រេចបិទចរាចរណ៍ជាបណ្តោះអាសន្នយ៉ាងដូច្នេះ។ មន្ទីរសាធារណការនឹងជូនដំណឹងនាពេលក្រោយ អំពីការបើកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ឡើងវិញ។

មន្ទីរសាធារណការខេត្តកំពង់ធំក៏បានអំពាវនាវសូមឱ្យម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីយោគយល់ និងសហការជាមួយអាជ្ញាធរ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ស្ពានឱ្យប្រើប្រាស់បានយូរអង្វែង៕