សង្គម

បន្ទាន់! គ្លីនិក «ឡាំ ប៊ុនថន» នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយអ្នកកើតកូវីដបានទៅព្យាបាល

(ភ្នំពេញ)៖ គ្លីនិក «ឡាំ ប៊ុនថន» នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រោយមានអ្នកកើតជំងឺកូវីដម្នាក់ បានចូលទៅសម្រាកទីនោះ។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្រ្តី ចុះផ្អាកគ្លីនិកមួយនេះជាបណ្តោះអាសន្ន និងសូមអំពាវនាវ ដល់បងប្អូនដែលធ្លាប់មកពិនិត្យ និងព្យាបាល ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ សូមទៅយកសំណាក ដើម្បីរកមេរោគកូវីដ១៩។

សូមបញ្ជាក់ថា ការចុះបិទគ្លីនីកមួយនេះ បានធ្វើឡើងក្រោយមានអ្នកជំងឺកូវីដម្នាក់ឈ្មោះ ជា ប៊ុនធឿន អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានចូលទៅសម្រាករយៈពេល ៣ថ្ងៃ។ លោក ជា ប៊ុនធឿន ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ជាបុគ្គលិកម្នាក់បម្រើការងារនៅរោងចក្រ Hyundai នៅម្តុំអូឌឹម។

នៅព្រឹកថ្ងៃដដែលនេះ អភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលរង ព្រមទាំងមន្រ្តីមូលដ្ឋាន បានមកជួបសំណេះសំណាល អ្នកដែលចក្តាឡីស័កនៅផ្ទះជួលមួយកន្លែង នៅភូមិត្រពាំពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញផងដែរ៕ ប្រភពអត្ថបទ Fresh News