សង្គម

គ្រូពេទ្យម្នាក់ បង្ហោះសារដ៏រញ្ជួយចិត្ត ក្រោយអាច តថ្លៃ យមរាជ ជួយជីវិត អ្នកជំងឺកូវីដ មកពីព្រៃវែង ដោយបានប្រាប់បែបនេះ ថា…

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ “គ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត វ៉ា ម៉េង” បានបង្ហោះរូបភាពមួយសន្លឹក និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយបានព្យាយាម អាច តថ្លៃយមរាជ ជួយជីវិតអ្នកជំងឺកូវីដ ។

លោកបានបញ្ជាក់យ៉ាងច្បាស់ៗថា “ខ្ញុំបាទ និងក្រុមការងារក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានព្យាយាមតថ្លៃជាមួយយមរាជ ដើម្បីទាញយកជីវិត របស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និង អ្នកជម្ងឺជាច្រើន ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលប្រើម៉ាស៊ីនជំនួយអុកស៊ីសែន ដើម្បីជួយដល់ការដកដង្ហើម របស់គាត់

និង បានយកជីវិតរបស់គាត់ពីមច្ចុរាជ ហើយក្រុមគ្រូពេទ្យនៅទីនេះ បានព្យាយាមអស់ពីលទ្ធភាពហើយ។ ហើយស្ថានភាពរបស់លោកគ្រូ អឹម សុភី ក៏បានល្អប្រសើរច្រើនហើយ ចំពោះមុខ។ ក្រុមការងាររបស់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក៏ជូនពរអោយលោកពូ បានជាសះស្បើយក្នុងពេលឆាប់ៗ។

អ្វីដែលយើងត្រូវធ្វើ យើងបានធ្វើអស់ហើយ សង្ឃឹម ថាទេវតា នឹងតាមថែរក្សារ អ្នកជម្ងឺទាំងបានឆ្លងផុតពីសោទនាកម្មមួយនេះ។អ្នកជម្ងឺនៅតែបន្តស្លាប់ រីឯគ្រូពេទ្យនៅតែបន្តខិតខំអោយអស់ពីលទ្ធភាព ក្នុងការតថ្លៃ និងយមរាជ ដើម្បីយកជីវិតពួកគាត់ ជូនទៅគ្រួសាររបស់អ្នកជម្ងឺ។

ការបែកបាក់ និងបាត់បង់សមាជិកគ្រួសារមួយ ដែលមិនអាចសូម្បីតែឃើញមុខជាលើកចុងក្រោយ និង នៅក្បែរដើម្បីបានប៉ះមុខសព មុនពេលបូជាសព ពិតជាពិបាកទទួលយកណាស់ រីឯសាកសពក៏មិនអាចបញ្ជូនទៅស្រុកកំណើត។ អារម្មណ៍មួយនេះ ខ្ញុំសង្ឃឹមថាបងប្អូន ពិតជាមិនចង់ស្គាល់ឡើយ ដូច្នេះសូមបងប្អូន មេត្តាគោរពនូវគោលការណ៍ របស់ថ្នាក់ដឹកនាំ ដែលមាន ៣កុំ និង៣ការពារ អោយបានខ្ជាប់ខ្ជួន។

ខ្ញុំបាទ គ្រូពេទ្យ វ៉ា ម៉េង ព្រមទាំងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត លើកដៃប្រណមបួងសួង ដល់ទេវតា តាមថែរក្សារប្រជាជនកម្ពុជា និង មនុស្សជាតិទាំងឡាយបានឆ្លងផុតសោទនាទកម្ម មួយនេះ ហើយក៏សង្ឃឹមថា គ្រោះកាចមួយនេះ នឹងឆាប់រលត់ទៅវិញ។”៕