សង្គម

ក្រោយរកឃើញបុរសម្នាក់ទៀត កើតកូវីដ-១៩ សង្កាត់គោកចកត្រូវបន្តផ្អាកការចេញ-ចូល

នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការធ្វើរដំណើរចេញ-ចូលចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ លើបុគ្គលម្នាក់បន្ថែមទៀត ។

លោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក មានប្រសាសន៍ថា រដ្ឋបាលខេត្តគ្រោងនឹងបើកការចេញ-ចូល ក្នុងភូមិសាស្ត្រសង្កាត់គោកចកឡើងវិញ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ បន្ទាប់ពីបានឃើញស្ថានភាពអ្នកជំងឺកូវីដ-១៩ បានធូរស្រាល ប៉ុន្តែនៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ មានករណីរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១ នាក់ជាជនជាតិខ្មែរ ដែលមានទីលំនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ហេតុនេះរដ្ឋបាលខេត្តសៀមរាប ក៏សម្រេចបន្តផ្អាកជាបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូលក្នុងភូមិសាស្ត្រសង្កាត់គោកចកនេះបន្តទៀត ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ ខេត្តសៀមរាប មានអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ៦ នាក់ ក្នុងនោះមាននៅឃុំសំរោងយា ក្នុងស្រុកពួក ចំនួន ១​ នាក់ , នៅសង្កាត់គោកចក ក្រុងសៀមរាប ចំនួន ២ នាក់ និង នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន ៣ នាក់ ៕ ប្រភពប្រជាប្រិយ