សង្គម

ទីបំផុត រដ្ឋបាលខេត្តកំពង់ចាម បង្ហាញប្រវត្តិធ្វើដំណើររបស់អ្នកជំងឺកូវីដម្នាក់ ឈ្មោះ វ៉ាន់ ណាក្រូ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីករណីវិជ្ជមានជំងឺកូវីដ-១៩ លើមន្ដ្រីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ឈ្មោះ វ៉ាន់ ណាក្រូ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្ហាញអំពីប្រវត្តិធ្វើដំណើររបស់លោក វ៉ាន់ ណាក្រូ មុនពេលពិនិត្យឃើញវិជ្ជមានជំងឺកូវីដ-១៩ ផងដែរ។

លោក វ៉ាន់ ណាក្រូ បានចូលសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយមានរោគសញ្ញា ក្ដៅខ្លួន ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម នៅវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ត បានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ល្ងាចថ្ងៃទី២៤ ខែមីនា ទើបទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលបន្ទប់ដាច់ដោយឡែក។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងបន្ដធ្វើការស្រាវជ្រាវអ្នកពាក់ព័ន្ធបន្ថែមទៀត។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន និងប្រវត្តិដំណើរមួយចំនួនរបស់លោក វ៉ាន់ ណាក្រូ មុនវិជ្ជមានជំងឺកូវីដ៖

ប្រភព fresh news