សង្គម

កុំចេញក្រៅ បើមិនចាំបាច់!ព្រឹកនេះក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់៥៥នាក់ ខណៈអ្នកជំងឺចំនួន២៣នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៥៥នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន២៣នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង៥៥នាក់នេះ ក្នុងនោះមានជនជាតិខ្មែរ៥៤នាក់ និងជនជាតិវៀតណាមម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ។

ចំណែកអ្នកជាសះស្បើយទាំង២៣នាក់វិញ គឺមានម្នាក់ជាស្រីជនជាតិឥណ្ឌូនេស៊ី អាយុ២៩ឆ្នាំ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ និង២២នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមានជនជាតិចិន៧នាក់, ជនជាតិខ្មែរ ១៤នាក់ និងជនជាតិវៀតណាម ម្នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៥៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៨០៩នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លា.ប់ដោយសារការរើ.ថ្នាំ.ញៀន.ធ្ង.ន់.ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕