សង្គម

រថយន្តក្រុងសាធារណៈ(City Bus)អំពាវនាវដល់អ្នកបើកបរម៉ូតូទាំងអស់ ទុកគន្លងផ្លូវសម្រាប់ឡានក្រុងធ្វើចរាចរណ៍ផង

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូបប្រជាពលរដ្ឋ អ្នកបើកបរម៉ូតូទាំងអស់មេត្តាចូលរួមចំណែកក្នុងការទុកគន្លងផ្លូវ រថយន្តសម្រាប់រថយន្តធ្វើចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

តាមការបញ្ជាក់របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានឲ្យដឹងថាហេតុដែលនាំឲ្យមានការអំពាវនាវបែបនេះ គឺដោយសារតែ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីបណ្តាញសង្គម (Face Book) បានចែកផ្សព្វផ្សាយពីរូបភាពបុគ្គលិកឈ្មោះ ម៉ៅ សុផល ភេទប្រុស អ្នកបើកបររថយន្តក្រុង ស្លាកលេខរដ្ឋ៣៧ ៣-០២១៨ ដែលបានឈ្លោះប្រកែកគ្នារវាងអ្នកបើកបរម៉ូតូតាមផ្លូវសាធារណៈ ត្រង់ ចំណុចម្ដុំស្ថានីយ៍ប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នោះ គឺដើមហេតុបណ្តាលមកពីអ្នកបើកបររថយន្តក្រុង បានស៊ីផ្លេទៅលើអ្នកបើកបរម៉ូតូដែលកំពុងបើកបរ នៅទ្រូងផ្លូវដែលជាគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ បានធ្វើអោយភាគីខាងម៉ូតូមានការខឹងសម្បារ ក៏ជិះតាម និងប្រើពាក្យសម្តីប្រមាថមើលងាយមួយចំនួនលើអ្នកបើកបររថយន្តក្រុង ពេលនោះអ្នកបើកបរ រថយន្តក្រុងក៏ទប់អារម្មណ៍ខឹងពុំបានក៏បានឈ្លោះប្រកែកគ្នារកឈ្នះចាញ់រៀងៗខ្លួន ដោយប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យ ។

ចំពោះទង្វើ និងកាយវិការគ្មានសុជីវធម៌របស់អ្នកបើកបរដែលបានធ្វើអោយប៉ះពាល់ដល់កិត្តិយស អង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូ សុជីវធម៌សម្រាប់ អ្នកបើកបររថយន្តក្រុងរបស់រដ្ឋាករដទៃទៀត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងពង្រឹងវិន័យលើបុគ្គលិកអ្នកបើកបរខាងលើ ដោយអញ្ជើញគាត់មកធ្វើការអប់រំ ណែនាំ ដោយមានកិច្ចសន្យាមិនអោយគាត់ប្រព្រឹត្តទង្វើបែបនេះទៀតផងដែរ ៕

ប្រភពអត្ថបទ សប្បាយ