សង្គម

ប្រពៃណាស់! ចិននឹងបញ្ជូនក្រុមវេជ្ជសាស្ត្រ​បុរាណចិនប្រយុទ្ធនឹងវីរុសកូវីដ១៩ មកជួយកម្ពុជា

កាលថ្ងៃទី២៥ខែមករា ឆ្នាំ២០២២ លោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនបានជួបពិភាក្សាការងារជាមួយឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ជាតំណាងឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនប្រយុទ្ធជំងឺវីរុសកូវីដ១៩មកកម្ពុជា។ នេះបើយោងទៅតាមការចេញផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា។

ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ការគាំទ្រយ៉ាងពេញទំហឹងរបស់ភាគីចិនលើកិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃឱសថបុរាណចិនLianhua Qingwen Jiaonang និងឱសថបុរាណចិនHuashi Baidu Granulesក្នុងការព្យាបាលជំងឺវីរុសកូវីដ១៩ និងយល់ថាការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជានឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ ជួយជំរុញការអភិវឌ្ឍន៍ចំណងមិត្តភាពរវាងចិននិងកម្ពុជា។

លើសពីនេះទៅទៀត លោក Huang Luqi មានប្រសាសន៍ថាចិននិងកម្ពុជាជាប្រទេសជិតខាងល្អនឹងគ្នា តាំងពីមានការផ្ទុះឡើងនូវវីរុសកូវីដ១៩មក ចិននិងកម្ពុជាបានពួតដៃគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសកូវីដ១៩ជូនដល់សហគមន៍អន្តរជាតិ។ ភាគីចិននឹងសម្រេចចិត្តបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា គឺជាសកម្មភាពដ៏សំខាន់ក្នុងការអនុវត្តកុងសុងស៊ីសនៃថ្នាក់ដឹកនាំទាំងពីរប្រទេស ដើម្បីលើកកម្ពស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈទៅជាមន្ទីរពេទ្យស្ដង់ដារកម្រិតខ្ពស់ក្នុងប្រទេស ហើយនឹង ជឿជាក់ថាក្រុមវេជ្ជសាស្រ្តចិនមិនត្រឹមតែជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការអភិវឌ្ឍន៍វិស័យឱសថបុរាណរបស់កម្ពុជាផងដែរ ចូលរួមចំណែកថ្មីក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាផងដែរ។

សូមជម្រាបថា យោងតាមកិច្ចព្រមព្រៀងខាងលើនេះ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺវីរុស នឹងបំពេញបេសកកម្មជាជំនួយវេជ្ជសាស្រ្តក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈចំនួនមួយឆ្នាំ ដែលជាមន្ទីរពេទ្យជំនួយសាងសង់ដោយភាគីចិន។ នេះគឺជាក្រុមវេជ្ជសាស្រ្តចិនថ្នាក់ជាតិដំបូងគេ នឹងត្រូវបានចាត់បញ្ជូនមកកាន់ក្រៅប្រទេស៕

ប្រភពអត្ថបទ សប្បាយ