អន្តរជាតិ

គួរឲ្យបារម្ភណាស់! អូមីក្រុងក្លាយពូជ ឆ្លងរឹតតែខ្លាំង ចូលមកកាន់តែកៀក កម្ពុជា

ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើវីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ក្លាយពូជដែលទើបរកឃើញ ដើម្បីកំណត់អំពីផលប៉ះពាល់របស់វា ដល់ការរីករាលដាលនៃជំងឺរាតត្បាតនាពេលអនាគត។

បច្ចុប្បន្ន វីរុសប្រភេទថ្មីនេះ បានរីករាលដាលចូលដល់ប្រទេសចំនួន៤០ហើយ រួមទាំងសិង្ហបុរី និងហ្វីលីពីន ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយកម្ពុជាផងដែរ។

ដើមឡើយ អូមីក្រុង បានក្លាយទៅជាប្រភេទមេរោគលេចធ្លោក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែអាជ្ញាធរសុខាភិបាលអង់គ្លេស បានរកឃើញការឆ្លងរាប់រយករណីនៃវីរុសក្លាយពូជប្រភេទ BA.2 ខណៈទិន្នន័យអន្តរជាតិបង្ហាញថា វាមានសមត្ថភាពឆ្លងខ្លាំងជាង អូមីក្រុង។

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានរកឃើញការឆ្លងច្រើនជាង៤០០ករណីនៅក្នុងប្រទេសអង់គ្លេស នារយៈពេល១០ថ្ងៃដំបូងនៃខែមករានេះ ខណៈករណីឆ្លងថ្មីច្រើនបំផុតត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌា ដាណឺម៉ាក និងស៊ុយអែត។

ថ្វីបើអង្គការសុខភាពពិភពលោក មិនទាន់ចាត់ វីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជនេះ ចូលទៅក្នុងក្រុមវីរុសគួរឲ្យព្រួយបារម្ភក៏ដោយ ប៉ុន្តែប្រធានសុខាភិបាលរបស់ប្រទេសអង់គ្លេស បានកំណត់ថា វាជាវីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការស៊ើបអង្កេត មិនអាចធ្វេសប្រហែសបានឡើយ៕

ប្រភពអត្ថបទ កម្ពុជាថ្មី