អន្តរជាតិ

បន្ទាន់! ឥណ្ឌារកឃើញវីរុសកូវីដ-១៩ ស៊េរីថ្មីដែល «បំប្លែងខ្លួនទ្វេដង»

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញវីរុសកូរ៉ូណា COVID-19 ស៊េរីថ្មីមួយប្រភេទដែល «បំប្លែងខ្លួនទ្វេដង» ខណៈការរកឃើញនេះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងញូដេលី ដែលកំពុងតស៊ូប្រយុទ្ធនឹងការឡើងនៃករណីឆ្លងប្រចាំថ្ងៃ នៅទូទាំងប្រទេស។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

នៅសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងសុខាភិបាលឥណ្ឌាមិនបានបញ្ជាក់អ្វីលម្អិតឡើយ ដោយគ្រាន់តែឱ្យដឹងថាតាមរយៈការវិភាគហ្សែន និងសំណាកយកចេញពី រដ្ឋ Maharashtra វីរុសកូរ៉ូណា COVID-19 ស៊េរីថ្មីខាងលើគឺមានបំប្លែងខ្លួនទ្វេដង ពោលគឺវាមិនស្ថិតនៅក្នុងកាតាឡុកនៃវីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញ នាពេលកន្លងមកនោះទេ។

រដ្ឋ Maharashtra គឺស្ថិតនៅក្នុងចំណោមរដ្ឋរបស់ឥណ្ឌាដែលរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19។ ប៉ុន្តែខាងក្រសួងសុខាភិបាលមិនបានបង្ហើបថាតើវីរុសបំប្លែង ខ្លួនថ្មីនេះគឺជាមូលហេតុនៅពីក្រោយការកើនឡើងករណីឆ្លងនៅក្នុងរដ្ឋមួយនេះឬក៏យ៉ាងណានោះទេ ស្របពេលការស៊ើបអង្កេត និងការសិក្សាកំពុងធ្វើឡើង។

គួរបញ្ជាក់ថា ឥណ្ឌាក៏ធ្លាប់បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងខ្លួនថ្មីមានប្រភពមកពីចក្រភពអង់គ្លេស, អាហ្រ្វិកខាងត្បូង និងប្រេស៊ីលផងដែរ។

នៅថ្ងៃពុធនេះ ឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៤៧,២៦២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ១១,៧៣៣,៥៩៤នាក់ ក្នុងនោះស្លាប់ ១៦០,៤៧៧នាក់ និងជាសះស្បើយឡើងវិញ ១១,២០៣,០១៦នាក់៕