អន្តរជាតិ

អ្នកចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញ បង្កើនភាពស៊ាំការពារ អូមីក្រុង រហូតដល់ ២០០ ដង

លោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកជំនាញខាងមេរោគដ៏ល្បីល្បាញរបស់ថៃបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សដែលបានចាក់វ៉ាក់សាំង Sinovac ចំនួន ២ ដូស ហើយចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer មានការការពារខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនអូមីក្រុង ។

ដោយដកស្រង់ការសិក្សានៅលើគេហទំព័រ medRxiv លោកវេជ្ជបណ្ឌិត Yong បាននិយាយថា មនុស្សដែលបានចាក់វ៉ាក់សាំង Sinovac ពេញ ២ ដូស ហើយចាក់វ៉ាក់សាំង AstraZeneca ជាដូសជំរុញបង្កើនភាពស៊ាំរបស់ពួកគេ ១០០ ដង ឬ ២០០ ដង បើចាក់វ៉ាក់សាំង Pfizer ។

ការចាក់វ៉ាក់សាំងទាំងពីរជាដូសជំរុញក៏បានបង្កឲ្យមានការកើនឡើងដ៏ធំនៃកោសិកា T ដែលត្រូវបានគេគិតថាមានប្រសិទ្ធភាពជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួនដូចជា អូមីក្រុង ជាដើម ។

ទន្ទឹមនោះលោក Yong ជាប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៅសាកលវិទ្យាល័យ Chulalongkorn រំពឹងថានឹងបោះពុម្ពលទ្ធផលស្រាវជ្រាវរបស់ខ្លួនលើការប្រយុទ្ធប្រឆាំងនឹង អូមីក្រុង ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ ។

លោកបានបន្ថែមថា បន្ថែមពីនេះលទ្ធផលនៃការសិក្សាលើយុទ្ធនាការចាក់វ៉ាក់សាំង Sinovac និង AstraZeneca ឬ Pfizer ជាដូសជំរុញរបស់ប្រទេសថៃនឹងត្រូវបានបោះពុម្ពជាអន្តរជាតិក្នុងពេលឆាប់ៗនេះផងដែរ ៕

ប្រភពកម្ពុជាថ្មី