សង្គម

មុនជួបហេតុការណ៍គ្រេាះថ្នាក់ចរាចរណ៍ស្លាប់ តារាចម្រៀង នាង ប្រាក់សុគន្ធ បានបង្ហោះសារមួយឃ្លាដ៏កម្សត់

ព័ត៌មានដ៏សោកសៅតារាចម្រៀងប្រុសវ័យក្មេង នាង ប្រាក់សុគន្ធ បានស្លាប់ដោយសារគ្រេាះថ្នាក់ចរាចរណ៍ នាព្រលប់ម៉ោង ៣ ទៀបភ្លឺ នាថ្ងៃទី ២៥ ធ្នូ ២០២១ នេះ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ តាមប្រភពព័ត៌មានពីអ្នកសិល្បៈ ហេតុការណ៍គ្រេាះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារតែនៅពេលដែលតារាចម្រៀង នាង ប្រាក់សុគន្ធា កំពុងធ្វើដំណើរ ស្រាប់តែត្រូវរថយន្តបុកពីក្រោយ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតមិនអាចសង្គ្រោះបាន។

ក្រឡេកទៅមើលទំព័រហ្វេសបុកផេករបស់លោកឯណោះវិញ នៅមុនពេលជួបហេតុការណ៍គ្រេាះថ្នាក់នេះ លោកបានបង្ហោះសារមួយឃ្លា ស្ដាប់ទៅដូចជាកំពុងតែមានទុក្ខព្រួយជាខ្លាំង។ លោកបានរៀបរាប់ថា៖ «ទោះបីជាកើតទុក្ខ តែក៏ត្រូវសេីចខ្លះដែរ» ។ សារនេះលោកបានបង្ហោះកាលពីថ្ងៃទី ២៣ ធ្នូ ពោលគឺមុនជួបគ្រេាះថ្នាក់ ២ ថ្ងៃ។ នៅពេលនេះលោកបានផុតទុក្ខ ផុតព្រួយហើយ និងសូមឱ្យវិញ្ញាណក្ឋន្ធលោកបានទៅកាន់សុគតិភព និងសូមកើតជាតិណាៗកុំឱ្យអភ័ព្វដូចជាតិនេះទៀត ។

គួរឱ្យដឹងថា មហាជនចាំមិនភ្លេច នាង ប្រាក់សុគន្ធ និង ប្អូនស្រី នាង គន្ធា បានដឹកដៃគ្នាទៅប្រឡងចម្រៀង Cambodian Idol រដូវកាលទី២ បានធ្វើឱ្យគណៈកម្មការ និងអ្នកទស្សនាស្រក់ទឹកភ្នែកអាណិតខ្សែជីវិតដ៏កម្សត់របស់អ្នកទាំងពីរ ។ កាលណោះ នាង ប្រាក់សុគន្ធ បានឈានចូលដល់វគ្គ Live Show ជាច្រើនសប្ដាហ៍ទៀតផង ។ ចំណែកប្អូនស្រីបច្ចុប្បន្ននេះជាតារាចម្រៀងដ៏ល្បីម្នាក់ប្រចាំផលិតកម្ម Sunday ៕

ប្រភព៖ សប្បាយ