សង្គម

វ៉ាក់សាំងការពារកូវីដ១៩ Sinovac ចំនួន១,៥លានដូស នឹងមកដល់កម្ពុជាថ្ងៃទី២៦ ខែមីនាខាងមុខនេះ ខណៈវ៉ាក់សាំងស៉ីណូហ្វាមនឹងមកដល់បន្តបន្ទាប់

(ភ្នំពេញ)៖ វ៉ាក់សាំងប្រភេទ Sinovac របស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីមិត្តចិននឹងមកដល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ China Southern ខណៈវ៉ាក់សាំងស៉ីណូហ្វាម សម្រាប់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលនឹងមកដល់បន្តបន្ទាប់។

ពិធីទទួលវ៉ាក់សាំងប្រភេទ Sinovac នេះនឹងធ្វើឡើងក្រោមវត្តមានរបស់លោក វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯភាគីចិន តំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

* សម្រាប់ក្រសួងសុខាភិបាល, វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន នៅសល់៤០ម៉ឺនដូសទៀត (លើកទីមួយ៦០ម៉ឺនដូស) នៅពេលឆាប់ៗខាងមុខនេះនឹងមកដល់កម្ពុជាដែរ ដើម្បីបង្រ្គប់១លានដូស។

* សម្រាប់ក្រសួងការពារជាតិ, នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែមរបស់សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន៣០ម៉ឺនដូសថែមទៀត ពោលជាជំនួយវ៉ាក់សាំងលើកទី២ បន្ថែមពីលើជំនួយ១លានដូស ដែលប្រទេសចិនផ្តល់ជូនកម្ពុជាកន្លងទៅ តាមរយៈក្រសួងការពារជាតិរបស់ចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នឹងមកដល់ប្រទេសកម្ពុជា។ នេះបើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញទៅទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តំណាងសម្ដេចតេជោ ហ៊ុន សែន។

បើយោងតាមតាមលិខិតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ផ្ញើទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញឲ្យដឹងថា វ៉ាក់សាំងនេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជា នាវេលាម៉ោង១៩៖០០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលបានទិញពីមិត្តចិន នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនាខាងមុខនេះ៕​ ប្រភពអត្ថបទ fresh news