សង្គម

ធ្ងន់ហើយ! ពលករចំណាកស្រុកជិត៣០០នាក់ ក្នុងមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍នៅថៃ ឆ្លងកូវីដ មានទាំងខ្មែរផងដែរ

មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ១៩ (CCSA) កាលពីថ្ងៃចន្ទ បានរាយការណ៍ថា ពលករចំណាកស្រុកបរទេសជិត៣០០នាក់ នៅឯមណ្ឌលឃុំឃាំងរបស់ការិយាល័យអន្តោប្រវេសន៍ក្នុងសង្កាត់ Suan Phlu និង Bang Khen បានឆ្លងជំងឺកូវីដ១៩។

អ្នកនាំពាក្យជំនួយការ CCSA លោកស្រី Apisamai Srirangson បាននិយាយថា ជនចំណាកស្រុកបរទេសចំនួន៩៨នាក់ក្នុងចំណោម១,៨៨៨នាក់ នៅឯមណ្ឌលឃុំឃាំង ត្រូវបានធ្វើតេស្តវិជ្ជមានចាប់ពីថ្ងៃទី១១ខែមីនាដល់ថ្ងៃសៅរ៍សប្តាហ៍មុន។ នៅថ្ងៃសៅរ៍ មានករណីដែលត្រូវបានបញ្ជាក់ចំនួន២៩៧ ករណីបន្ថែមទៀត ដែលភាគច្រើនបានចូលក្នុងប្រទេសដោយខុសច្បាប់។

លោកស្រីនិយាយថា ជនជាតិមីយ៉ាន់ម៉ា វៀតណាមនិងកម្ពុជាស្ថិតក្នុងចំណោមអ្នកឆ្លងជំងឺ។ លោកស្រីបន្តថា មណ្ឌលទាំងអស់ ឈប់ទទួលយកអ្នកមកថ្មីហើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបញ្ជាក់ថា មិនមានរបាយការណ៍នៃការឆ្លងក្នុងចំណោមមន្រ្តីអន្តោប្រវេសន៍ទេ។ អ្នកជាប់ឃុំដែលឆ្លងរោគ ត្រូវបានបំបែកចេញពីអ្នកដទៃទៀត។

ក្រសួងសុខាភិបាល កំពុងពន្លឿនការចាក់វ៉ាក់សាំងសម្រាប់មន្រ្តីអន្តោប្រវេសន៍ដែលមានទំនាក់ទំនងជាមួយពលករចំណាកស្រុកដែលជាប់ឃុំ។

មានជនអន្តោប្រវេសន៍ចំនួន១,៦១៥នាក់នៅឯមណ្ឌលឃុំឃាំងនានា ដែលពួកគេភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា។

អគ្គស្នងការនគរបាលជាតិបាននិយាយថា អ្នកជាប់ឃុំដែលឆ្លងរោគ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យមូលដ្ឋាន ដើម្បីព្យាបាល។

ស្នងការប៉ូលិសអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ Sompong Chingduang បានទទួលស្គាល់ថា ស្ថានភាពចង្អៀតណែនតាន់តាប់របស់មណ្ឌល បានរួមចំណែកដល់ការឆ្លងក្នុងចំណោមអ្នកជាប់ឃុំ៕

ប្រែសម្រួលដោយ៖ kampucheathmeydaily

ប្រភព៖ Bangkok Post