សង្គម

បន្ទាន់! ប្តីប្រពន្ធ២នាក់ រស់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទៅមើលកសិដ្ឋានចិញ្ចឹមមាន់ នៅភូមិទ័ពត្បែង ខេត្តកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ១៩, អាជ្ញាធរខេត្តកំពុងស្វែងរកអ្នកពាក់ព័ន្ធមកធ្វើចត្តាឡីស័ក

(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងប្តីប្រពន្ធ២នាក់ ដែលមកពីរាជធានីភ្នំពេញមានវិជ្ជមានកូវីដ១៩ ទៅយកសំណាកពិនិត្យធ្វើតេស្តរកកូវីដ១៩ ឲ្យបានត្រឹមត្រូវ។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា ប្តីប្រពន្ធខាងលើបានទៅមើលកសិដ្ឋានចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុននឹងដឹងថា ខ្លួនមានផ្ទុកមេរោគកូវីដ១៩ ដែលសង្ស័យឆ្លងពីប្អូនបង្កើតនៅរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥នាក់បន្ថែមទៀត។ ក្នុងនោះ មានអ្នកជំងឺ២នាក់ គឺបុរសអាយុ ៤៦ឆ្នាំ និងស្ត្រីអាយុ ៣៨ឆ្នាំ ដែលមានទីលំនៅផ្ទះលេខ 91F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺជាប្តីប្រពន្ធដែលបានទៅមើលកសិដ្ឋាចិញ្ចឹមមាន់ ក្នុងខេត្តកំពង់ឆ្នាំង។

លោក ប្រាក់ វ៉ុន បានបញ្ជាក់ថា ប្តីប្រពន្ធនោះបានទៅមើលកសិដ្ឋានចិញ្ចឹមមាន់នៅទីតាំងខាងលើ ហើយបានទទួលដំណឹងថា ប្អូនបង្កើតដែលនៅរាជធានីភ្នំពេញ មានវិជ្ជមានកូវីដ១៩ ពួកគាត់ក៏ទៅយកសំណាកធ្វើតេស្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងតែម្តង។ អ្នកទាំងពីរ បានយកសំណាកទៅធ្វើតេស្ត កាលពីព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផលបង្ហាញដោយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះបញ្ជាក់ថាពួកគាត់ «វិជ្ជមានកូវីដ១៩»។

លោក ប្រាក់ វ៉ុន បន្ថែមថា បន្ទាប់ពីយកសំណាកទៅពិនិត្យ កាលពីថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១រួចហើយ ពួកគាត់បានត្រឡប់ទៅភ្នំពេញវិញ ដោយមិនមានចុះតាមផ្លូវឡើយ។ អ្នកទាំងពីរ ទទួលបានលទ្ធផលថាឆ្លងកូវីដ១៩ ពីវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២២ ខែមីនា វេលាម៉ោង ១២យប់ម្ល៉េះ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថា ឥឡូវនេះក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងតែដុតដៃដុតជើង ដើម្បីតាមរកអ្នកដែលពាក់ព័ន្ធ ដើម្បីយកសំណាកទៅធ្វើតេស្ត និងដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ បច្ចុប្បន្នបានរកឃើញ អ្នកដែលពាក់ព័ន្ធផ្ទាល់ចំនួន ៧នាក់ ហើយកំពុងតែបន្តរកអ្នកពាក់ព័ន្ធផ្សេងៗទៀតផង ដើម្បីយកសំណាកមកធ្វើតេស្តផងដែរ។

លោក ប្រាក់ វ៉ុន បញ្ជាក់តាមទូរស័ព្ទថា «កាលពីថ្ងៃទី១៩ ខែមីនា ពួកគាត់ជួបជុំគ្នាហូបបាយ ប្រមាណ ២០នាក់។ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា អាជ្ញាធរកំណត់ទីតាំងអត់ទាន់អស់ទេ ព្រោះមានច្រើនកន្លែង។ ហេតុនេះ សូមប្រជាពលរដ្ឋដែលពាក់ព័ន្ធ ចូលរួមសហការទាំងអស់គ្នា»។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨៣នាក់, ស្លាប់ចំនួន ៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕