សង្គម

បន្ទាន់!បុរស​ដែល​មាន​កូ​វីដ​-១៩​ម្នាក់ ដែល​ធ្វើដំណើរ​ពី​ខេត្តកំពង់ស្ពឺ មក​ខេត្តសៀមរាប បាន​ចម្លង​មក​ប្រពន្ធ និង​កូន​ម្នាក់​របស់ខ្លួន

សៀមរាប ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប លោក ក្រុស សារ៉ាត់ បាន​ឲ្យ​អ្នកកាសែត​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ​ថា កាលពី​ថ្ងៃទី​២១ ខែមីនា ក្រុម​គ្រូពេទ្យ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ បាន​រក​ឃើញ​បុរស​ជនជាតិខ្មែរ​ម្នាក់ បាន​វិលត្រឡប់​មកពី​ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ និង​បាន​យក​សំណាក​ទៅធ្វើ​តេស្ត ជា​លទ្ធផល​មាន​វិជ្ជមាន​កូ​វីដ​-១៩​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប បាន​បញ្ជាក់​ថា បុរស​ម្នាក់​ដែល​ផ្ទុកមេរោគ​កូ​វីដ​១៩​នេះ ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មាន​វ័យ​ប្រមាណ​៤០​ឆ្នាំ ដែល​បាន​តេស្ត​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ម្សិលមិញ​។

​បច្ចុប្បន្ន​បុរស​រូបនេះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​សៀមរាប​។ ដោយឡែក នៅ​ថ្ងៃទី​២២​នេះ លទ្ធផល​ធ្វើតេស្ត​អ្នកពាក់ព័ន្ធ​ឃើញថា ប្រពន្ធ និង​កូនប្រុស​របស់គាត់​ម្នាក់​អាយុ​១៣​ឆ្នាំ នៅ​សៀមរាប ក៏​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះដែរ​។ អ្នក​ទាំងពីរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕