សង្គម

កុំមើលស្រាលអោយសោះ!មិន​ដល់​មួយ​ខែផង កូវីដ ១៩ បាន​សម្លាប់ជីវិត​ពលរដ្ឋ​ខ្មែរ​អស់ ៤ នាក់

ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​ក្នុង​អំឡុង​ខែ​មីនា វិរុស​កូវីដ ១៩ ​បាន​​សម្លាប់​ជីវិត​ពលរដ្ឋ​ខ្មែរអស់ចំនួន ០៤ នាក់​។ ការ​ផ្ទុះ​ជាថ្មី​មេរោគ​ដែល​ឆ្លង​តាម​​ផ្លូវ​​ដង្ហើម​នេះ បាន​បង្ក​ការ​ភ័យ​ខ្លាច ក្រោយ​មាន​ការ​កើន​ឡើង​អ្នក​ឆ្លង​ជា​រៀងរាល់ថ្ងៃ ហើយ​ករណីធ្ងន់រហូត​ដល់​មានអ្នកបាត់បង់​ជីវិត។

ខាងក្រោយ​ជា​ករណី​ជនរងគ្រោះ​ទាំំង ៤ ដែល​ស្លាប់​ដោយ​កូវីដ ១៩៖

ថ្ងៃ ១១ មីនា ២០២១


បុរស​ជនជាតិ​ខ្មែរ អាយុ​៥០​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩។ នេះ​ជា​ករណី​ដំបូងដែលមាន​ជនរងគ្រោះ​ស្លាប់​ដោយ​សារ​វិរុស​កូវីដ​នៅ​ប្រទេស​កម្ពុជា។

ជងរងគ្រោះ​មាន​មុខ​របរ​ជា​អ្នកបើកបររថយន្តឱ្យថៅកែជនជាតិចិននៅ​ខេត្ត​ព្រះសីហនុ និង​​បាន​ឆ្លងវីរុស​កូវីដកាលពី​ថ្ងៃ ២៧ កុម្ភៈ។ បុរស​រងគ្រោះ​មាន​លំនៅ​នៅ​ភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ។

បើ​តាមការ​បញ្ជាក់​របស់ក្រសួង​សុខាភិបាល បុរសជនជាតិខ្មែរ ដែលបានស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យពេទ្យរុស្ស៉ីនេះ គឺបណ្តាលមកពីជំងឺសួតរ៉ាំរៃ និងជាអ្នកពិសារបារីច្រើនផង។

ថ្ងៃ ១៩ មីនា២០២១


អ្នកស្រី នួន សុផាន្នី
ម្ដាយ​របស់​តារា​ចម្រៀង​នៅ​ផលិតកម្ម​ហង្សមាស​កញ្ញា វី ឌីណែត និង​ជា​ភរិយា​របស់​តារាចម្រៀង​ជើង​ចាស់​លោក ហួរ ឡាវី បាន​ស្លាប់​ដោយសារ​ជំងឺកូវីដ-១៩។

ស្រ្តី​រងគ្រោះ​មាន​ឈ្មោះ នួន សុផាន្នី អាយុ ៦២ ឆ្នាំ។ បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល មេរោគ​បាន​វាយ​លុក​សួត​ជនរងគ្រោះ ធ្វើឲ្យសួតអ្នកជំងឺរលាកខ្លាំង និង ស្ទះសរសៃឈាមបេះដូង។ ក្រៅពីនេះទៀត អ្នក​ជំងឺ​ក៏​មាន​ជំងឺ​ប្រចាំកាយ​ដូចជា ទឹកនោមផ្អែម លើស​ឈាមនិង​ធាត់ខ្លាំងផងដែរ។


លោក គឹម ឃីស៊ុន
នៅ​ថ្ងៃ ១៩ មីនា ដែរ ក៏​មាន​ការ​ស្លាប់​​បុរស​ម្នាក់​ទៀត​ដោយសារកូវីដ ១៩។ ជនរងគ្រោះ​មាន​ឈ្មោះ គឹម ឃីស៊ុន​ មាន​តួនាទី​ជា​មន្រ្តី​នគរបាល ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃ​១២ ​ខែមីនា​ ឆ្នាំ​២០២១​។​ ជនរងគ្រោះ​​មាន​អាការ​រលាក​សួត​សងខាង​ធ្ងន់ធ្ងរ និង​បាន​ស្លាប់​នៅ​ម៉ោង ៣​និង​៣០ នាទី​ល្ងាច​ថ្ងៃទី ១៩ ខែមីនា​។ នេះ​គឺជា​ករណី​ស្លាប់​ទី​៣ ហើយ​បន្ទាប់ពី​ករណី​ទី​២ ជា​ម្តាយ​របស់​តារា​ចម្រៀង​វី​ដា​ណែ​ត​ដែល​ស្លាប់​ដោយ​កូវីដ ១៩។

២២ មីនា ២០២១

លោកវេជ្ជបណ្ឌីត ស្តើង ជា
ករណីស្លាប់​ទី ៤ គឺ​​បុរសវ័យ ៧៥ ឆ្នាំ រស់នៅ​សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ​មាន​ឈ្មោះ ស្តើង ជា អាយុ ៧៥ ឆ្នាំ ជាគ្រូពេទ្យផ្នែកកុមារចូលនិវត្តន៍។ អ្នកជំងឺបាន​ចូល​ សម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី ២១ ខែមីនា ក្នុងសភាពហត់ខ្លាំង ហើយបានរកឃើញមានសភាពរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីន​ជំនួយដង្ហើម។

ទោះបី​មាន​ការ​ប្រឹងប្រែង​ជួយ​សង្គ្រោះ អ្នក​ជំងឺ​​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ ២២ មីនា ២០២១៕