សង្គម

ក្តៅៗបុរសវ័យ ៧០ឆ្នាំ ទើបបញ្ចប់ការធ្វើចត្តាឡីស័ក មានអាការទន់ដៃជើង អាជ្ញាធរដឹកទៅសង្គ្រោះបន្ទាន់

បុរសវ័យចំណាស់ជាពលករវ័យ៧០ឆ្នាំម្នាក់មានឈ្មោះលីវ វ៉ាន់ជុង មានអាការមិនស្រួលត្រូវបានអាជ្ញាធរដឹក​យកមកមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅភ្លាមៗ នៅម៉ោង ១១៖ ៤៥ នាទីថ្ងៃទី ២២ ខែមីនាព្រឹកនេះ។

លោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យកម្ពុជាថ្មីដឹងថាបុរសរូបនោះស្នាក់នៅតែម្នាក់ឯងនៅទីតាំងផ្ទះលេខ១៥៥ ផ្លូវលេខ៨ភូមិដើមចាន់១សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

បុរសរូបនេះ មានលិខិតបញ្ជាក់ពីគ្រូពេទ្យខេត្តតាកែវខណៈដែលរូបគាត់ចេញពីប្រទេសវៀតណាមចូលមកប្រទេស​កម្ពុជាក្នុងថ្ងៃទី៨ខែមីនាឆ្នាំ២០២១ហើយត្រូវបានអាជ្ញាធរខេត្តតាកែវឲ្យធ្វើចត្តាឡីសក័។

នៅថ្ងៃទី១៥ខែមីនាដោយគ្រូពេទ្យបានយកសំណាកទៅពិនិត្យរយៈពេល២ដងឃើញថាមិនមានជំងឺកូវីដ១៩ទេនោះនៅថ្ងៃទី១៧ខែមីនាគ្រូពេទ្យបានចេញលិខិតអនុញ្ញាតឲ្យចេញពីទីតាំងធ្វើចត្តាឡីសក័ហើយជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅខាងលើនេះមក។

លោកយុិន វុធ បន្តថាលុះដល់វេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ខែមីនានេះស្រាប់តែមានអាការទន់ដៃទន់ជើងវិលមុខផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៍មកអាជ្ញាធរសង្កាត់ចុះទៅដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅភ្លាមៗ។

លោកចៅសង្កាត់បញ្ជាក់ថាកន្លងមកជនរងគ្រោះធ្លាប់មានជំងឺលើសសម្ពាធឈាមហើយមកដល់ពេលនេះនៅមិនទាន់ដឹងពីមូលហេតុនៃជំងឺរបស់ជនរងគ្រោះឡើយ៕