អន្តរជាតិ

ខណៈការឆ្លងធ្ងន់ធ្ងរបំផុត លោកស្រី Merkel អង្វរឲ្យប្រជាជនអាល្លឺម៉ង់ចាក់វ៉ាក់សាំងកូវីដ

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានជំរុញឲ្យប្រជាជនដែលមិនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវពិចារណា ការសម្រេចចិត្តរបស់ពួកគេឡើងវិញ ស្របពេលប្រទេសមានការឆ្លងកើនឡើងយ៉ាងគំហុក។

លោកស្រី Merkel បានធ្វើការអង្វរករនៅក្នុងសារជាវីដេអូមួយកាលពីព្រឹកថ្ងៃសៅរ៍។ លោកស្រីក៏បានអំពាវនាវឲ្យមានការពង្រឹងច្បាប់បន្ថែមទៀតផងដែរ ដែលតម្រូវឲ្យប្រជាជនត្រូវធ្វើតេស្តអវិជ្ជមាន បង្ហាញប័ណ្ណចាក់វ៉ាក់សាំង ឬភស្តុតាងនៃការជាសះស្បើយពីជំងឺកូវីដ មុនពេលចូលទៅក្នុងកន្លែងបិទជិត និងជំរុញឲ្យប្រទេសពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ។

លោកស្រី Merkel បាននិយាយនៅក្នុងវីដេអូ Podcast ប្រចាំសប្តាហ៍ថា “សប្តាហ៍ដ៏លំបាកនឹងមកដល់ ហើយអ្នកអាចមើលឃើញថា ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់។ ខ្ញុំសូមស្នើសុំជាបន្ទាន់ដល់អ្នកដែលមិនបានចាក់វ៉ាក់សាំង សូមពិចារណាឡើងវិញ”។

ប្រទេសអាល្លឺម៉ង់កំពុងរៀបចំដាក់ពង្រាយទាហានចំនួន១២,០០០នាក់ ដើម្បីពង្រឹងសេវាថែទាំសុខភាពដ៏ទ្រុឌទ្រោម ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងរលកទី៤នៃករណីឆ្លងវីរុស។

ចំនួនករណីកូវីដកំពុងកើនឡើងជារៀងរាល់ថ្ងៃនៅអាល្លឺម៉ង់ ដោយប្រទេសនេះបានរាយការណ៍ពីការឆ្លងថ្មីចំនួន៣៧,៦៨២ករណីកាលពីថ្ងៃអាទិត្យ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង។

រលកទី​បួន​ដែល​កំពុង​ផ្ទុះ គឺកើតឡើង​ចំពេល​មាន​សម្ពាធ​កាន់តែ​ខ្លាំង ឲ្យ​រដ្ឋាភិបាល​ប្រកាសដាក់ប្រទេសក្នុងគ្រា​អាសន្ន។

គួរបញ្ជាក់ថា ការឆ្លង និងស្លា ប់ បាននិងកំពុងកើនឡើងយ៉ាងគំហុកចាប់តាំងពីពាក់កណ្តាលខែតុលាមក ដោយគេដាក់ការស្តីបន្ទោសខ្លាំងបំផុតទៅលើអត្រានៃការចាក់វ៉ាក់សាំងរបស់ប្រទេសអាល្លឺម៉ង់ត្រឹមតែជាង៦៧ភាគរយប៉ុណ្ណោះ ដែលទុកឲ្យមនុស្សមួយចំនួនធំងាយនឹងឆ្លងមេរោគ និងធ្លាក់ខ្លួនឈឺធ្ងន់៕