អន្តរជាតិ

សោកស្តាយផង!ពេលនេះ ប្រេស៊ីល មាន​អ្នក​ស្លាប់​ដោយ​កូវីដ​ជិត ៣០ ម៉ឺននាក់

ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីលបានរាយការណ៍ពីមនុស្សស្លាប់សរុបដោយសារជំងឺកូវីដ ១៩ ជាង ២៩៤,០០០ នាក់ ជាមួយនឹងការស្លាប់ថ្មីចំនួន ១,២៩០ នាក់ក្នុងមួយថ្ងៃ ។

ប្រទេសប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់សរុប ២៩៤,០៤២ នាក់ និងករណីឆ្លងសរុប ១១,៩៩៨,២៣៣ ករណីគិតត្រឹមថ្ងៃអាទិត្យ បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ៧,៧៧៤ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ។

រដ្ឋ Sao Paulo ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងរោគរាតត្បាតនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះបានរាយការណ៍ថាមានអ្នកជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ៩១ ភាគរយ ខណៈមន្ទីរពេទ្យរាប់សិបកន្លែងពោរពេញទៅអ្នកជំងឺ បន្ទាប់ពីករណីឆ្លងកាន់តែច្រើនឡើងៗ ។ នេះបើយោងតាមទិន្នន័យពីអាជ្ញាធរសុខភាពរដ្ឋ ។

ការស្លាប់របស់មនុស្សដែលមានអាយុក្រោម ៦០ ឆ្នាំបានកើនឡើង ៣៥ ភាគរយនៅពាក់កណ្តាលខែមីនាបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារតែមានវីរុសកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មី ។

លោកវេជ្ជបណ្ឌិត Guilherme Barcelos នៅមន្ទីរពេទ្យ de Clinicas de Porto Alegre បាននិយាយថា “យើងកំពុងមើលអ្នកជំងឺវ័យក្មេងដែលមិនបង្ហាញភាពធ្ងន់ធ្ងរនៃជំងឺនេះដែលជាអ្វីដែលយើងមិនធ្លាប់បានឃើញ” ។

ចំណែករដ្ឋ Rio Grande do Sul កាលពីថ្ងៃអាទិត្យក៏ស្ថិតនៅលើផលប៉ះពាល់នៃប្រព័ន្ធថែទាំសុខភាពរបស់ខ្លួនផងដែរដោយមានអ្នកជំងឺស្ថិតក្នុងបន្ទប់ ICU យ៉ាងច្រើនបន្តកន្ទុយគ្នា ៕ ប្រភពអត្ថបទ៖ kampucheathmeydaily

ប្រភព ៖ XINHUA