សង្គម

ក្តៅៗ អាជ្ញាធរសម្រេចបិទហាងលក់សំលៀកបំពាក់យីហោ «លឹមហុង» ផ្លូវកម្ពុជាក្រោម ក្រោយថៅកែឆ្លងកូវីដ-១៩

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌ ៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចបិទហាងលក់សំលៀកបំពាក់យីហោ «លឹមហុង» ក្នុងសង្កាត់មនោរម្យ មានទីតាំងខាងលិចភោជនីដ្ឋានថ្មដា តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្រោយម្ចាស់ហាងនេះ រកឃើញជំងឺកូវីដ-១៩។

លោកវរសេនីយ៍ត្រី រស់ ស៊ីណា អធិការរងនគរបាលនៃអធិការដ្ឋានខណ្ឌ ៧មករា បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា «ថៅកែហាងលក់សំលៀកបំពាក់យីហោ លឹមហុង ត្រូវបានមន្ត្រីសុខាភិបាលរកឃើញជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តលើកទី២»។

លោកវរសេនីយ៍ត្រីបានបន្តថា ភ្លាមៗក្រោយទទួលបានការជូនដំណឹង របស់ក្រសួងសុខាភិបាល ពីស្ថានភាពជំងឺកូវីដ-១៩នេះ អាជ្ញាធរខណ្ឌ បានសម្រេចបិទហាងលក់សំលៀកបំពាក់នេះ មិនឱ្យបុគ្គលិកព្រមទាំងអ្នកពាក់ព័ន្ធជាមួយហាងលក់សំលៀកបំពាក់នេះ ចេញមកខាងក្រៅនោះឡើយ។

លោកវរសេនីយបានគូសបញ្ជាក់ថា «ជំហ៊ានដំបូងមានអ្នកពាក់ព័ន្ធជាមួយនឹងថៅកែហាងលក់សំលៀកបំពាក់ មានចំនួន៣០នាក់ ក្នុងនោះមានបុគ្គលិក២៥នាក់ និងក្រុមគ្រួសារចំនួន៥នាក់។ បច្ចុប្បន្ននេះ បុគ្គលិកមួយចំនួន កំពុងស្ថិតក្នុហាង។ ចំណែកបុគ្គលិកចេញក្រៅ ត្រូវបានគេកោះហៅឱ្យចូលមកវិញជាបណ្តើរៗ ដើម្បីរង់ចាំក្រុមគ្រូពេទ្យមកដល់ ដើម្បីរកសំណាក»។

គួរជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី រហូតដល់ ចំនួន៧៣នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ៧១ករណី និង២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៧នាក់ បានជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕ ប្រភពអត្ថបទ fresh news