សង្គម

អាណិត!ពលករខ្មែរ១០នាក់ឆ្លងកូវីដនៅថៃ ក្នុងការផ្ទុះចង្កោមចម្លងថ្មី

ពលរដ្ឋខ្មែរ១០នាក់ ស្ថិតក្នុងចំណោមកម្មករចំណាកស្រុកដែលត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេស ថៃ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទទី២២ខែមីនានេះ។

នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង (DDC) បាននិយាយកាលពីថ្ងៃអាទិត្យថា ខេត្ត សាមុត ប្រាកាន បានលេចចេញជាចំណុចផ្ទុះជំងឺកូវីដ១៩ បន្ទាប់ពីការឆ្លងចង្កោមថ្មី ត្រូវបានរកឃើញក្នុងចំណោមកម្មករចំណាកស្រុករបស់ខេត្តនេះ។

អគ្គនាយក DDC លោក Opas Karnkawinpong បាននិយាយកាលពីម្សិលមិញថា សរុបទៅ មនុស្សចំនួន៥៨៤នាក់ ត្រូវបានដាក់នៅក្រោមការឃ្លាំមើលយ៉ាងដិតដល់ បន្ទាប់ពីកម្មករចំណាកស្រុកចំនួន១៧នាក់ បានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩។

អ្នកឆ្លងដំបូងគឺជាកម្មករអាយុ២៩ឆ្នាំម្នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើតេស្តកាលពីថ្ងៃទី១៣ខែមីនា។ បន្ទាប់ពីនាងត្រូវបានគេរកឃើញថាមានឆ្លងរោគ, DDC បានទៅធ្វើតេស្តកម្មករចំណាកស្រុកនៅជំរំ Soi Sukhumvit ហើយបានរកឃើញកម្មករឆ្លង១៦នាក់ទៀត ដោយក្នុងនោះមាន មីយ៉ាន់ម៉ា២នាក់ ថៃ៤នាក់និងខ្មែរ១០នាក់។

លោកវេជ្ជបណ្ឌិត Opas បាននិយាយថា “នៅតាមការដ្ឋានសំណង់មានកត្តាហានិភ័យជាច្រើន។ ក្នុងករណីនេះ កម្មករបានរំលោភលើវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយពួកគេបានរៀបចំពិធីជប់លៀងផឹកស៊ី”។

ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បាននិយាយថា ការឆ្លងក្នុងសហគមន៍ចំនួន៤៥ករណី ត្រូវបានកត់ត្រានៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ខណៈ៣៦ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំ ដែលភាគច្រើនមកពីខេត្ត សាមុតសាខន។

នាពេលបច្ចុប្បន្ននេះ CCSA កំពុងផ្តោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ ការផ្ទុះជំងឺដែលបានចាប់ផ្តើមនៅក្នុងផ្សារ Bang Khae ពីការរីករាលដាលបន្ថែមទៀត ខណៈករណីដែលជាប់ទាក់ទងជាមួយនឹងការផ្ទុះឡើងនេះ ត្រូវបានគេរកឃើញនៅឆ្ងាយរហូតដល់ សុងក្លា និង ស៊ីសាកេត ឯណោះ៕ ប្រភពអត្ថបទ៖ កម្ពុជាថ្មី


ប្រភព៖ Bangkok Post