សង្គម

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់ចំនួន៧៣នាក់ ខណៈអ្នកជំងឺចំនួន១៧នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ ចំនួន៧៣នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ៧១ករណី និង២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងកូវីដ១៩ ទាំង៧៣នាក់នោះ មាន២នាក់ជាស្ត្រីជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ និង៧១នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ដែលរួមមាន៖ ជនជាតិចិនចំនួន៤នាក់ និងជនជាតិខ្មែរ៦៧នាក់ រកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀរាប ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តព្រៃវែង។

ចំណែកអ្នកជាសះស្បើយទាំង១៧នាក់វិញ គឺជាសុទ្ធសឹងអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ក្នុងនោះរួមមាន៖ ជនជាតិចិន ១៤នាក់ និងជនជាតិខ្មែរ៣នាក់ ដោយទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់, ស្លា.ប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លា.ប់ដោយសារការរើថ្នាំ ញៀ.នធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕ ប្រភពអត្ថបទ fresh news