សង្គម

ជួយការពារផង!កម្ពុជា មានវត្តមានសត្វទន្សោងជាង ១,៥០០ក្បាល ខណៈក្នុងពិភពលោកមានតែ ៤០០០ក្បាលតែប៉ុណ្ណោះ

(ភ្នំពេញ)៖ សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់យកសាច់ និងស្នែង។

យោងតាមទិន្នន័យរបស់អង្គការ IUCN ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់ប្រមាណ ៤,០០០ក្បាល នៅលើពិភពលោក។ សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទំនងជាមានតិចជាង ១,៥០០ក្បាល។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សង្កេតឃើញថានៅក្នុងដែនជម្រកសត្វព្រៃនានា នៅកម្ពុជាប្រភេទសត្វកម្រមួយចំនួនមានកំណើនឡើងក្នុងនោះសត្វទន្សោងនៅក្នុងដែនជម្រកសត្វព្រៃនៅព្រះវិហារ ហើយតំបន់ខ្លះមានចំនួននៅឋិតថេរ និងខ្លះមានការថយចុះ។ សត្វដែលឃើញមានការកើនដែរដូចជាសត្វជ្រូកព្រៃ និងប្រភេទសត្វមួយចំនួនទៀត។ កំណើនវត្តមានសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយសារតែលទ្ធផលនៃការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រករបស់ពពួលសត្វព្រៃមានភាពប្រសើរឡើង ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះដែរ លោកបានបង្ហាញក្តីព្រួយបារម្ភថា អន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វត្រូវបានមន្ត្រីឧទ្យានុរក្ស សត្តរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិបានចូលរួមដោះ និងកម្ទេចចោល។ សត្វព្រៃជាច្រើនពាន់ក្បាលត្រូវបានជួយសង្គ្រោះនិងដោះលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយសត្វព្រៃមួុយចំនួនដែលមានសុខភាពមិនល្អ ក្រសួងបរិស្ថានបានសហការជាមួយដៃគូរដើម្បីថែរក្សាព្យាបាលឱ្យជាមានសុខភាពល្អ ទើបប្រលែងចូលក្នុងព្រៃធម្មជាតិដែលជាទីសុវត្ថិភាព។ ឆ្នាំ២០២០កន្លងទៅ អន្ទាក់ជិត ៥០,០០០ ត្រូវបានដោះចេញពីក្នុងតំបន់ព្រៃអភិរក្ស។

ក្នុងនាមស្ថាប័នអ្នកអភិរក្សធនធានធម្មជាតិ និងអង្គការដៃគូដែលបានសហការគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ពិតជាមានមោទកភាពដែលឃើញវត្តមានសត្វព្រៃកើនឡើងនៅក្នុងតំបន់ការពារធម្មជាតិ។ នេះគឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរួមគ្នាពីសំណាក់មន្ត្រីនៃក្រសួងបរិស្ថាន អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ សហគមន៍តំបន់ការពារធម្មជាតិ និងស្ថាប័នពាក់ព័ន្ធនានា ដែលបានពួតដៃគ្នាក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិដោយឈរលើមូលដ្ឋានអនុវត្តច្បាប់ជាធរមាន ការរួមគ្នាទទួលខុសត្រូវ និងជាកិច្ចសហការប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា។

ជាមួយនឹងវត្តមានសត្វទន្សោងជាង ១,៥០០ក្បាលនេះ លោក នេត្រ ភក្ត្រា ក៏សូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរបាគ់សត្វព្រៃ ការដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់។

តាមលោក នេត្រ ភក្ត្រា បានអះអាងថា សកម្មភាពទាំងនេះនឹងជួយការពារទាំងសុខភាព សុខមាលភាពរបស់មនុស្ស និងសត្វជីវចម្រុះ ព្រមបរិស្ថានទាំងអស់ដែលនៅជុំវិញយើង ក៏ដូចជាចូលរួមទប់ស្កាត់ ហានិភ័យនៃការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុជាដើម។ ដើម្បីអនាគតមនុស្សជាតិ យើងត្រូវរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ។

ដោយឡែកកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថ្មី ហ្វូងសត្វទន្សោងជាង១០ក្បាល ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ៕

ប្រភពអត្ថបទ៖ Fresh News