សង្គម

ឃើញហើយគួរអោយអាណិតណាស់ ក្មេងតូចៗ ត្រូវយកសំណាកទៅពិនិត្យនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ

(ភ្នំពេញ)៖ ក្មេងប្រុសស្រីតូចៗ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាកទៅពិនិត្យដើម្បីរកជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បានប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ។

លោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានចុះយកសំណាកមនុស្សចំនួន១០នាក់ ក្នុងនោះមានទាំងក្មេងតូចៗផងដែរ។

គួរជម្រាបថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានវាយប្រហារយ៉ាងខ្លាំងទៅលើប្រជាជនកម្ពុជា ក្នុងចំណោមនោះគេក៏សង្កេតឃើញមាន ទារក ទារិកា និងក្មេងតូចៗ ជាច្រើនក៏រងនូវការវាយប្រហារដោយសារជំងឺនេះផងដែរ ដោយតម្រូវឲ្យក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យជាបន្ដបន្ទាប់ ក្នុងករណីមានការពាក់ព័ន្ធ។

តាមរយៈករណីដែលបានកើតឡើងនេះ ក៏ជាសារមួយដើម្បីក្រើនរំលឹកដល់ឪពុក ម្ដាយ អាណាព្យាបាល ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នជាចាំបាច់ ដើម្បីកុំឲ្យធ្លាក់ក្នុងអន្ទាក់ជំងឺកូវីដ ហើយចម្លងបន្ដទៅក្រុមគ្រួសារ ពិសេសកូនតូចៗតែម្ដង៕