សង្គម

អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ស្លាប់ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមក្រុមគ្រូពេទ្យ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមុននេះបន្តិច។

ក្រុមគ្រូពេទ្យ បានឲ្យដឹងថា សពខាងលើជាជនជាតិខ្មែរ បានស្លាប់ដោយសារជំងឺកូវីដ ដោយមិនមានជំងឺគួបផ្សំទេ។ សព មានទីលំនៅ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពនេះ ត្រូវបានពិនិត្យឃើញថា ឆ្លងកូវីដ១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ មុនពេលស្លាប់ អ្នកជំងឺមានរលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងការប្រើម៉ាស៉ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយប្រើម៉ាស៉ីនជំនួយដង្ហើមសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ (Intubation) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

បន្ទាប់មកអ្នកជំងឺ បានស្លាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១៥៖៣០នាទី ដោយសារខ្សោយសួតខ្លាំងពេក ដែលបណ្តាលមកពី មេរោគកូវីដ១៩។

សូមជម្រាបថា រហូតដល់ពេលនេះ មានអ្នកជំងឺ ៣នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដោយជនទី១ ជាបុរសអាយុ៥០ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ជនទី២ គឺជាស្រ្តីជនជាតិខ្មែរម្នាក់ អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះដែរ។

បន្ថែមលើនេះ មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានស្លាប់ដោយសារជំងឺបេះដូង ពេលកំពុងសម្រាកព្យាបាល។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ ៕

ប្រភពអត្ថបទ៖ Fresh News